កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញបញ្ជាក់ថា ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល។ ប៉ុន្ដែ ចំពោះផ្លាកលេខដែល រលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ។
ក្រសួងបន្ដថា សម្រាប់ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖
- អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជារូបវន្តបុគ្គល)
. ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច
- អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជាក្រុមហ៊ុន)
. ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
- បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
- ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ រ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)៕
អត្ថបទ៖ កឹម ប៊ុនធឿន