លោក Muhammad Ali ដែលមានឈ្មោះដើមថា Cassius Clay គឺជាកីឡាករប្រដាល់សញ្ជាតិអាមេរិកមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនាទស្សវត្សឆ្នាំ ៩០ និងជាមនុស្សដំបូងក្នុងប្រវត្តិសាស្ត្រ ឈ្នះពានរង្វាន់ជើងឯកទម្ងន់ធ្ងន់ រហូតដល់ទៅបីដងឯណោះ។
បុរសដែលបានកើតនាវេលាម៉ោង ៦:៣៥ នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤២ នៅលើទឹកដី Louisville នៃរដ្ឋ Kentucky រូបនេះ គឺជាកូនប្រុសច្បងក្នុងគ្រួសារក្រីក្រមួយ ដែលមានបងប្អូនប្រុសពីរនាក់គឺរូបលោកផ្ទាល់ និងប្អូនប្រុសម្នាក់ទៀតឈ្មោះ Rahman Ali មានឪពុកជាជាងគំរូរកប្រាក់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ឈ្មោះ Cassius Marcellus Clay Sr. និងម្តាយជាស្ត្រីមេផ្ទះឈ្មោះ Odessa Grady Clay។
នៅពេល Muhammad Ali មានអាយុ១២ឆ្នាំ គាត់និងមិត្តម្នាក់បានទៅសាលមហោស្រព Columbia ដើម្បីចូលរួមពិសាអាហារក្តៅៗដែលគេរៀបចំទុកសម្រាប់អ្នកទស្សនានៅឯ Louisville Home Show ។ បន្ទាប់ពីក្មេងៗបានបរិភោគអាហាររួចរាល់ វាក៏ដល់ពេលដែលពួកគេត្រូវមករកកង់របស់ខ្លួនវិញ ប៉ុន្តែចម្លែកតែ Muhammad Ali រកកង់មិនឃើញសោះ ដែលបានន័យថាកង់របស់គេមានអ្នកលួចយកទៅបាត់ហើយ។
ក្នុងទឹកមុខពេញដោយកំហឹង Muhammad Ali បានទៅបន្ទប់ក្រោមដីនៃសាលប្រជុំ Columbia ដើម្បីរាយការណ៍ពីបទល្មើសទៅកាន់មន្រ្តីប៉ូលីសលោក Joe Martin ដែលជាគ្រូបង្វឹកប្រដាល់ផងដែរនៅក្លឹប Columbia Gym។ នៅពេល Muhammad Ali បាននិយាយថា «គាត់ចង់វាយអ្នកលួចកង់របស់គាត់» លោក Joe Martin ប្រាប់ទៅគាត់វិញថា «អ្នកគួរតែរៀនប្រដាល់ដើម្បីប្រយុទ្ធ»។
ប៉ុន្មានថ្ងៃក្រោយមក Muhammad Ali បានចាប់ផ្តើមការហ្វឹកហាត់ប្រដាល់នៅកន្លែងរបស់លោក Joe Martin។ ចាប់តាំងពីពេលចាប់ផ្តើមមកម្ល៉េះ Muhammad Ali បានទទួលការបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់។ គាត់បានហ្វឹកហាត់ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។ គាត់ត្រូវងើបពីព្រលឹមទៅសាលារៀន ក្រោយចេញពីរៀនពេលថ្ងៃគាត់ទៅក្លឹបហាត់ប្រដាល់។ បន្ទាប់ពីក្លឹបរបស់លោក Joe Martin បានបិទនៅម៉ោង ៨យប់ កុមារា Muhammad Ali បានធ្វើដំណើរទៅចំណតរថភ្លើងដើម្បីឆ្ពោះទៅកាន់ក្លឹបហាត់ប្រាណមួយទៀត។ ក្នុងរយៈពេល Muhammad Ali បានបង្កើតរបបអាហារផ្ទាល់ខ្លួនដែលរួមមានទឹកដោះគោនិងស៊ុតឆៅសម្រាប់អាហារពេលព្រឹក។ ហើយគាត់មិនញ៉ាំម្ហូបអាហារខ្លាញ់ ស្ក គ្រឿងស្រវឹង និងបារីនោះទេ ដើម្បីឱ្យគាត់អាចក្លាយជាអ្នកប្រដាល់ដ៏ល្អបំផុតនៅក្នុងពិភពលោក។
នៅទីបំផុត Muhammad Ali ក៏បានសម្រេចបំណងប្រាថ្នា និងបានក្លាយជាអ្នកប្រដាល់ទម្ងន់ធ្ងន់ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។ ក្នុងអាជីពអាជីពរបស់គាត់ Muhammad Ali បានឈ្នះ ៥៦ ប្រកួតហើយបានចាញ់តែ ៥ ដងប៉ុណ្ណោះ។ ជាអកុសលរាល់ការប្រយុទ្ធទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់ Muhammad Ali ជាខ្លាំង។ នៅថ្ងៃទ០ ៣ ខែមិថុនា ឆ្នាំ២០១៦ លោក Muhammad Ali បានស្លាប់ក្នុងអាយុ ៧៤ឆ្នាំ នៅ Phoenix រដ្ឋ Arizona បន្ទាប់ពីមានបញ្ហាផ្លូវដង្ហើម។ គាត់នៅតែជាវីរបុរសនិងជានិមិត្តរូបនៃមនុស្សជំនាន់ក្រោយរហូតមកទល់បច្ចុប្បន្ន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)