សាលារៀនជីវិតគឺគ្មានដំបូលទេ ហើយអ្នកអាចរៀនបានគ្រប់ទីកន្លែង និងរៀនបានពីអ្វីៗគ្រប់យ៉ាង។ ជាក់ស្ដែងសម្រាប់ដំណើរជីវិតអ្នកជំនួញវ័យក្មេងគឺ លោក ឆាយ ប៊ុនឡាយ ធ្លាប់មានប្រវត្តិបោះបង់ការសិក្សាចោលទាំងវ័យក្មេង និងធ្លាប់ប្រឡូកការងារជាច្រើនយ៉ាង រហូតប្រែក្លាយជាថៅកែហាងបង់រំលស់ល្បីឈ្មោះមួយឈ្មោះ អាប៊ុនលីប៊ុនឡាយ ផ្សារបង់រំលស់ ខេត្តបន្ទាយមានជ័យ នៅលើទឹកដីក្រុងប៉ោយប៉ែត។
អតីតយុវជនវ័យក្មេង ដែលធ្លាប់វង្វេងគ្មានគោលដៅ រហូតដឹកនាំជីវិតវិលវល់់ រហូតរសាត់អណ្ដែតដល់ទឹកដីថៃ ធ្វើជាកម្មករកាច់ពោតឱ្យគេ ធ្វើការសំណង់ ធ្លាប់រត់ម៉ូតូឌុបផង និងត្រឡប់ទៅរៀនជំនាញជាងទូរស័ព្ទនៅភ្នំពេញ មុនសន្សំគំនិតចេញរកស៊ីដោយខ្លួនឯង។
រស់នៅក្បែរព្រំដែនថៃ លោកតែងតែឮប្រជាជនខ្មែរនិយាយគ្នាថា នៅថៃចង់ទិញទំនិញនេះទំនិញនោះ មិនបាច់ប្រើលុយទាំងដុលទៅទិញទេ គឺអាចបង់រំលស់បាន ដែលបែបនេះធ្វើឱ្យលោកចាប់អារម្មណ៍ការបង់រំលស់កាន់តែខ្លាំងជាងមុន។
ដោយសង្កេតថាឃើញនៅស្រុកថៃ វិស័យបង់រំលស់គឺមានភាពរីកចម្រើនខ្លាំង ប្រជាជនគាំទ្រច្រើន ទើបលោកពាំនាំគំនិតរកស៊ីស្រុកថៃ ច្នៃយកមករកស៊ីនៅកម្ពុជា រហូតទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់ដូចពេលបច្ចុប្បន្ន។
រំលឹកទៅកាន់អតីតកាលនៃការចេញរកស៊ីបន្តិច លោកបានរៀបរាប់ថាការចាប់ផ្ដើមដំបូង គឺលំបាកខ្លាំងណាស់ ព្រោះជំនួញនេះត្រូវការដើមទុនធំ តែលោកមិនមានលុយច្រើនដើម្បីរកស៊ីនោះទេ។ គ្មានផលិតផលតាំងដូចជា ម៉ូតូ ទូរស័ព្ទ ទូរទឹកកក…អីនោះទេ ដូច្នេះដំណោះស្រាយ គឺគាត់បានចាប់ផ្ដើមដើរសុំថតរូបម៉ូតូ ទូរស័ព្ទដៃ គ្រឿងឧបករណ៍អេឡិចត្រូនិកផ្សេងៗពីហាងគេ ដើម្បីយកមកផុសជាហូរហែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមនានា។ ជាសំណាងល្អ ដោយសារតែលោកដឹងពីឥទ្ធិពលនៃការប្រើប្រាស់បណ្ដាញសង្គម ប្រើប្រាស់អ៊ីនធឺណែត បានធ្វើឱ្យអាជីវកម្មលោក អាចទាក់ទាញអតិថិជនបាន តាំងពីពេលចាប់ផ្ដើមថ្មីថ្មោង ដំណឹងក៏រីកសាយភាយ រហូតមានអតិថិជនគាំទ្រជាបន្តបន្ទាប់ រហូតអាចពង្រីកខ្លួនលឿនមកទល់នឹងចំណុចបច្ចុប្បន្ន។
ឆ្លងកាត់បទពិសោធន៍តស៊ូយ៉ាងក្រាស់ក្រែល លោកបានចែករំលែកអំពីគន្លឹះជោគជ័យផ្ទាល់ខ្លួនរបស់លោកថា៖ ប្រសិនបើយុវជនជំនាន់ក្រោយ ចង់ចេញរកស៊ី គាត់គប្បីត្រូវមានធាតុផ្សំសំខាន់ៗដូចជា ត្រូវមានជំនាញច្បាស់លើអាជីវកម្មដែលខ្លួនកំពុងធ្វើ ឬគ្រោងនឹងធ្វើ ត្រូវមានភាពស្មោះត្រង់ជាចាំបាច់ ត្រូវសិក្សាចំណេះដឹងទូទៅបន្ថែមរហូតជាពិសេសចំណេះដឹងបច្ចេកវិទ្យា ព្រោះជាក់ស្ដែងភាពជោគជ័យនៃអាជីវកម្មលោក មួយផ្នែកធំមកពីចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗ ដូចជាបណ្ដាញសង្គមហ្វេសប៊ុក Tik Tok យូធូបជាដើម ដែលធ្វើឱ្យគេស្គាល់ គេជឿជាក់ ទុកចិត្តលើអាជីវកម្មលោកមកទល់នឹងពេលឥឡូវ។
ជាសាខ្លីខ្លឹមចុងក្រោយ លោកលើកទឹកចិត្តអ្នកដែលរៀនមិនបានខ្ពស់កុំអស់សង្ឃឹម ហើយប្រសិនបើអ្នកមានឱកាសរៀន ត្រូវរៀនឱ្យបានខ្លាំងក្លា។ បន្ទាប់ពីនោះប្រសិនបើគាត់ពិតជាចង់ក្លាយជាអ្នករកស៊ី គប្បីត្រូវមើលពីតម្រូវការរបស់ប្រជាជនខ្មែរ ហើយរកស៊ីត្រូវប្រកាន់យកភាពស្មោះត្រង់ជាចាំបាច់ ព្រោះបើគ្មានភាពស្មោះត្រង់ទេគឺមិនអាចរីកចម្រើននោះទេ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ អាប៊ុនលីប៊ុនឡាយ ផ្សារបង់រំលស់ ខេត្តបន្ទាយមានជ័យ
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 0963517713