ស្តេចត្រាញ់យូធូ MrBeast បានបង្កើតប្រវត្តិសាស្ត្រជាមនុស្សដំបូងដែលមានអ្នកតាមដាន ១លាននាក់ លើបណ្តាញសង្គម Threads ខណៈទើបបានបង្កើតគណនីត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី Guinness World Recoeds ចុះនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយបោះជំហានចូលពិភពសិប្បនិម្មិតថ្មី MrBeast បានបង្ហោះនៅលើ Threads ថា៖ «អនាគតនាយកប្រតិបត្តិ Threads» (Future Threads CEO)។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល ត្រឹមតែការបង្ហោះសារលេងសើច៣ដង ក្នុងរយៈពេលប៉ុន្មានម៉ោង លោកអាចប្រមូលអ្នកតាមដានបានរហូតដល់ ១លាននាក់។
យ៉ាងណាមិញ MrBeast គឺជាបុរសម្នាក់ផលិតវីឌីអូលើ Youtube ទទួលបានប្រជាប្រិយភាពខ្លាំង និងមានអ្នកតាមដានយ៉ាងច្រើននៅគ្រប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក។ ក្នុងនោះលោកមានអ្នកតាមដាន ៣៨.៥លាននាក់លើ Instagram និង ១៦៥លាននាក់លើ Youtube។ លើសពីនេះ MrBeast ក៏ទទួលបានពានរង្វាន់ Guinness World Records មួយចំនួនទៀតផងដែរ រួមទាំងជាប់ឈ្មោះជាអ្នកផលិតមាតិកាលើបណ្តាញសង្គម Youtube ដែលរកចំណូលបានច្រើនបំផុត (បច្ចុប្បន្ន) ជាមួយនឹងរបាយការណ៍ ៥៤លានដុល្លារ ក្នុងឆ្នាំ២០២១។
គួរជម្រាបផងដែរ កម្មវិធី Threads ដែលបង្កើតឡើងដោយលោក Mark Zuckerberg បានដាក់ដំណើរការកាលពីថ្ងៃទី០៥ ខែកក្កដានេះ ត្រឹមពេលមួយយប់មានអ្នកទាញយកទៅប្រើប្រាស់ជាង៣០លាននាក់ឯណោះទាំងនៅលើ Playstore និង Appstore៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)