នារសៀលថ្ងៃពុធ ៦ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Ganesh Sabaratnam នាយកគ្រប់គ្រង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន RHB Investment Bank Berhad (RHBIB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការ និងក្របខណ្ឌជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា” នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការចុះMoUនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការអភិវឌ្ឍវិស័យ មូលបត្រនៅកម្ពុជាតាមរយៈការផ្តល់ការពិគ្រោះយោបល់ និងការផ្តល់ប្រឹក្សាដល់ ន.ម.ក. ពាក់ព័ន្ធនឹងការអភិវឌ្ឍក្របខណ្ឌច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។ ក្រោមក្របខណ្ឌនៃការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងម៉ាឡេស៊ី ក្រុមហ៊ុន RHBIB នឹងរៀបចំទស្សនកិច្ចសិក្សា, សិក្ខាសាលា, និងវគ្គបណ្តុះបណ្តាលផ្សេងៗសម្រាប់មន្ត្រីរបស់ ន.ម.ក. បន្ថែមលើការសិក្សាពីផលិតផលថ្មីៗផងដែរ ។
ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា៖ “ខ្ញុំជឿជាក់ថាតាមរយៈភាពជាដៃគូនេះ យើងនឹងអាចជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាបានមួយកម្រិតទៀតតាមរយៈការផ្ទេរចំណេះដឹង និងជំនាញនៃការអភិវឌ្ឍទីផ្សារ និងផលិតផលរបស់ក្រុមហ៊ុន RHBIB។ ការចុះ MoU នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ RHBIB និងក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក ក្នុងការចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា” ។
ជាមួយគ្នានេះដែរ លោក Mohd Rashid Mohamad នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី គ្រុប (RHB Banking Group) បានលើកឡើងថា៖ “ចាប់តាំងពីឆ្នាំ២០០៨ ធនាគារ RHB បានរក្សាភាពជាដៃគូដ៏រឹងមាំជាមួយរដ្ឋាភិបាល, និយ័តករ និងធុរកិច្ចក្នុងស្រុកនៅកម្ពុជា។ គិតចាប់តាំងពីការចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ន.ម.ក. ក្រុមហ៊ុន RHBIB តាមរយៈក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក បានចូលរួមក្នុងគំនិតផ្តួចផ្តើមនៃការបង្កើតទីផ្សារមូលបត្រជាច្រើន រួមមានការផ្ដល់ធាតុចូលក្នុងការរៀបចំ ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការផ្តល់អាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រ, ការរៀបចំដំណើរទស្សនកិច្ចសិក្សាអំពីគម្រោងវិនិយោគរួម និងការចែករំលែកជំនាញបច្ចេកទេសអំពីហិរញ្ញប្បទានម៉ាជីន។ ការចុះ MoU ជាមួយ ន.ម.ក. បានផ្ដល់នូវកាលានុវត្តភាពដល់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ជាពិសេសការសិក្សារៀបចំដាក់ឱ្យដំណើរការក្នុងការជួញដូរតាមម៉ាជីន និងការគ្រប់គ្រងមូលនិធិ។ នៅក្នុងចំណោមគំនិតផ្ដួចផ្ដើមក្រោមក្របខណ្ឌនៃ MoU នេះ ក៏រួមបញ្ចូលផងដែរនូវការដាក់ពាក្យស្នើសុំធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្ររបស់ធនាគារ RHB។ ពួកយើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃការរីកចម្រើននៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជានាពេលកន្លងមក ហើយពួកយើងនឹងបន្តការប្ដេជ្ញាចិត្តចូលរួមក្នុងការសម្រេចឱ្យបាននូវរបៀបវារៈរបស់ ន.ម.ក. ក្នុងការបង្កើតទីផ្សារហិរញ្ញវត្ថុមួយ ដែលពោរពេញដោយភាពប្រកួតប្រជែងនៅកម្ពុជា”។
ការចុះ MoU នេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីនៃ ន.ម.ក., ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក, ផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន RHB Investment Bank Berhad។