រាជរដ្ឋាភិបាលម្ពុជាទទួលបានសួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ ពីក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលី ដែលកំពុងប្រកបអាជីវកម្មនៅក្នុងនីកម្ពុជា ខណៈក្រុមហ៊ុននេះបាននិងផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជាផងដែរ។
យោងតាមចុះផ្សាយពីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាពល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Cherdkait Atthakor ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់ពីនោះឯកឧត្ដមក៏បានជួបជាមួយក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលីនេះ។ តាមការបញ្ជាក់ពីក្រសួង ក្រុមហ៊ុនរ៉ែមាសដែលប្រកបអាជីវកម្មនេះ បាននិងកំពុងបង់សួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងដល់ប្រជាជនកម្ពុជា។
ក្រសួងបន្ដថា ក្រុមហ៊ុននេះរីករាយនឹងបន្ថែមជាមួយការកាត់បន្ថយបែបបទឱ្យសាមញ្ញដោយក្រសួងរ៉ែ និងថាមពល ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនីលើសមធ្យមភាគកន្លងទៅ។
គួរជម្រាបផងដែរថា ក្រុមហ៊ុនផលិតរ៉ែ ដែលមកពីប្រទេសអូស្ត្រាលីខាងលើនេះមានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីតធីត ត្រូវបានសម្ពោធដាក់ឲ្យដំណើរការថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ដោយទីតាំងនៃការចម្រាញ់មាសរបស់ខ្លួន គឺស្ថិតតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីលើដែលមានទំហំផ្ទៃដីជាង១៨.០០០ហិកតា៕