ថ្មីៗនេះ ក្រុមហ៊ុនប្តូរប្រាក់បរទេស Travelex បានសម្រេចដាក់បញ្ចូលប្រាក់រៀល (KHR) របស់កម្ពុជា ចូលក្នុងតារាងជួញដូររូបិយប័ណ្ណនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា។
ការសម្ពោធនេះ មានការចូលរួមពីសំណាក់ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ (Head of Wholesale Banknotes & Cash Operations) ប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់នៃក្រុមហ៊ុន Travelex។
យ៉ាងណាមិញ វត្តមានប្រាក់រៀល (KHR) ក្នុងតារាងជួញដូរនៅប្រទេសអូស្រ្តាលី នឹងធ្វើឲ្យភ្ញៀវទេសចរអូស្រ្តាលី និងកម្ពុជា អាចប្តូរប្រាក់បានងាយស្រួលជាងមុន និងជួយលើកកម្ពស់ទេសចរណ៍រវាងប្រទេសទាំងពីរ។ ពិសេស ការណ៍នេះបានបង្ហាញពីសក្ដានុពល និងភាពស្ថិរភាពរបស់រូបិយប័ណ្ណជាតិដែលធនាគារជាតិនៃកម្ពុជា បានពង្រឹងអស់រយៈពេលជាងពីរទសវត្ស។
គួជម្រាបផងដែរថា ទីផ្សារអន្តរជាតិនេះ គឺជាប្រទេសទី ៤ ហើយដែលប្រាក់រៀលត្រូវបានដាក់បញ្ចូលបន្ទាប់ពី ប្រទេសចិន (អាកាសយានដ្ឋានឆុងជីង ស្ថិតក្នុងទីក្រុង ឆុងជីង), ប្រទេសជប៉ុន (អាកាសយានដ្ឋាន Haneda ស្ថិតក្នុងទីក្រុង តូក្យូ) និងប្រទេសសិង្ហបុរី (អាកាសយានដ្ឋាន Changi)។ ខណៈនេះជាសញ្ញាវិជ្ជមាននៃការដឹកនាំប្រាក់រៀលទៅកាន់ឆាកអន្តរជាតិ និងការទទួលស្គាល់ពីពិភពលោកកាន់តែច្រើន៕