CEO Tube Coffeeប្រាប់ក្បួនរកស៊ីពិសេស៦ អាចពង្រីកខ្លួនបានលឿនស្វ័យគុណ ២៣សាខាត្រឹម៥ឆ្នាំ
ឡុង វឌ្ឍនៈDECEMBER 18 20221 K views

ប្រសិនបើធ្វើដំណើរតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ គេមិនអាចប្រកែកថាមិនធ្លាប់ឃើញហាង Tube Coffee ដែលជាយីហោក្នុងស្រុក មានមហិច្ឆតាពង្រីកខ្លួន ពាំនាំកាហ្វេរសជាតិបែបខ្មែរ ចេញទៅក្រៅប្រទេសនោះទេ។ ជាក់ស្ដែងត្រឹមរយៈពេល៥ឆ្នាំប៉ុណ្ណោះ យីហោក្នុងស្រុកមួយនេះអាចពង្រីកខ្លួនលឿនស្វ័យគុណ ពីសាខាទី១នៅម្ដុំក្ដាន់ពីរ មកជា២៣សាខាក្នុងឆ្នាំ២០២២នេះ។

ថ្លែងប្រាប់ Business Cambodia កញ្ញា ស៊ូ មុន្នីពេជ្រ ដែលជា CEO ហាងកាហ្វេនេះ បានចែករំលែកនូវចំណុចពិសេសៗជាច្រើនរបស់ Tube Coffee ដែលធ្វើឱ្យអាជីវកម្មនេះរីកចម្រើនលឿនមកទល់ចំណុចបច្ចុប្បន្ន។

១. ចងក្រងរូបមន្តឱ្យមានស្ដង់ដារច្បាស់លាស់បំផុត

ចាប់តាំងពីពេលចាប់ផ្ដើមដំបូងមក យីហោកាហ្វេនេះបានចងក្រងរូបមន្តកាហ្វេ និងបច្ចេកទេសសំខាន់ៗ ដែលនាំឱ្យកាហ្វេមួយកែវមានរសជាតិឆ្ងាញ់បំផុត និងមិនប្រែប្រួល មិនថាជាគ្រាប់កាហ្វេ ទឹកស្ករ ទឹកកកនោះទេ។

២. បញ្ចូលរសជាតិកាហ្វេចូលក្នុងបេះដូង

បើតាមប្រសាសន៍ CEO វ័យក្មេងរូបនេះ បានបង្ហាញថា គាត់ពិសារកាហ្វេ និងសាកល្បងរសជាតិកាហ្វេរាល់ថ្ងៃ ហើយបើគិតជាទម្ងន់សាច់កាហ្វេសរុប មិនក្រោម១តោននោះទេ នារយៈពេល២ឆ្នាំមកនេះ។ រសជាតិកាហ្វេបានជ្រាបចូលទៅក្នុងបេះដូងរបស់ CEO រូបនេះយ៉ាងជ្រាលជ្រៅបំផុត ទើបអាចធ្វើឱ្យគាត់អាចរកឃើញនូវរសជាតិកាហ្វេដែលអាចជ្រាបចូលដល់បេះដូងអតិថិជន។

៣. ផ្ដោតលើគុណភាព សេវាកម្ម និងតម្លៃសមរម្យ

កាហ្វេនេះផ្ដោតលើការផ្ដល់នូវរសជាតិកាហ្វេដែលឆ្ងាញ់ សេវាកម្មលឿនរហ័ស និងមានតម្លៃសមរម្យដែលប្រជាជនកម្ពុជាអាចទទួលយកបាន ដែលនេះហើយធ្វើឱ្យអាជីវកម្មនេះ ទទួលបានការគាំទ្រច្រើន មកទល់នឹងពេលនេះ។

៤. ហ្វ្រេនឆាយជាទំនោរអនាគត

Tube Coffee បានប្រើយុទ្ធសាស្ត្រហ្វ្រេនឆាយបែបកូនកាត់ ដែលជួយឱ្យអាជីវកម្មនេះពង្រីកខ្លួនបានលឿនរហ័សបំផុត។ ហ្វ្រេនឆាយកូនកាត់ ដែលបានធ្វើគឺ ក្រុមហ៊ុនមេជាអ្នកគ្រប់គ្រងលើប្រតិបត្តិការសំខាន់ៗទាំងអស់ ចំណែកឯម្ចាស់ដែលទិញហ្វ្រេនឆាយ គឺដើរតួនាទីជាអ្នកជួយជំរុញភ្ញៀវឱ្យញ៉ាំកាហ្វេតែប៉ុណ្ណោះ។

៥. លក់កាហ្វេផ្សារភ្ជាប់បច្ចេកវិទ្យា

ថ្វីត្បិតតែលក់កាហ្វេពិតមែន ប៉ុន្តែ Tube Coffee ក៏បានផ្សារភ្ជាប់អាជីវកម្មខ្លួនជាមួយនឹងបច្ចេកវិទ្យាទំនើបៗផងដែរ ដើម្បីជួយឱ្យការគ្រប់គ្រងរសជាតិ សាខា និងផ្នែកសំខាន់ៗកាន់តែមានប្រសិទ្ធភាពបំផុត។

៦. បុគ្គលិកសន្ដិសុខក៏ជាអ្នកលក់

ស្ដាប់ទៅហាក់ចម្លែកបន្តិច ប៉ុន្តែសម្រាប់ Tube Coffee មិនបានចាត់ទុកបុគ្គលិកសន្តិសុខក៏ជាអ្នកលក់មួយរូបផងដែរ ពោលគឺគាត់ដឹងច្បាស់ពីម៉ឺនុយរបស់ហាង និងអាចជួយកម្មង់កាហ្វេរសជាតិផ្សេងៗជំនួសភ្ញៀវផងដែរ។

ជារួមមកវិញ ការពង្រីកខ្លួនលឿន តែប្រព័ន្ធគ្រប់គ្រងមិនទាន់រឹងមាំ គឺជាចន្លោះប្រហោងដ៏ធំដែលអាចធ្វើឱ្យអាជីវកម្មងាយនឹងដួលរលំ។ អាស្រ័យហេតុនេះ ម្ចាស់អាជីវកម្មត្រូវខំផ្ដោតលើការពង្រឹងប្រព័ន្ធគ្រប់គ្រងឱ្យរឹងមាំសិន ចាំផ្ដោតលើការពង្រីកទើបជាជម្រើសដែលល្អប្រសើរបំផុត៕

ចង់រៀនគំនិតរកស៊ីល្អៗប្រចាំថ្ងៃ ក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃ សូមចុចទីនេះ  https://t.me/LongVathanak777

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713 

 

 

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia