ក្រសួងអប់រំយុវជន និងកីឡា បានចំណាយថវិកា ៧០លានដុល្លារ ដើម្បីកែលម្អការអប់រំចំណេះទូទៅ ដោយចាប់ផ្តើម អនុវត្តពីឆ្នាំ២០២២ ដល់ ២០២៦។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។
នៅក្នុងកិច្ចប្រជុំពិនិត្យ វឌ្ឍនភាព នៃការអនុវត្តន៍គម្រោងកែលម្អការអប់រំ ចំណេះទូទៅ ដើម្បីលើកទិសដៅបន្ដ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ត្រូវចុះទៅសាលាឱ្យបានជាប់លាប់ ទើបដឹងពីសមិទ្ធកម្ម។
ការប្រជុំប្រចាំត្រីមាសរបស់គម្រោង គឺប្រជុំនៅ សាលារៀនណាមួយ និងលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះ ស្រាយចំទិសដៅ។ ស្នើឱ្យមានការប្រជុំរួមគ្នា រវាងក្រសួង និងដៃគូដទៃទៀត ដើម្បីពិនិត្យពីការអនុវត្តន៍ គម្រោងរួមគ្នា និងដោះស្រាយរួមគ្នា។
គួរជម្រាបថា ចំពោះថវិកាអនុវត្តគម្រោងនេះ បានមកពីកម្ចីធនាគារពិភពលោក ចំនួន ៦០លានដុល្លារ, ថវិកា GPE ចំនួន ៩,២៥លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១លានដុល្លារ ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត