កាលពីដើមខែ កក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៩,០០០ នាក់បន្ថែមទៀត ដែលស្មើនឹង ៤% នៃកម្លាំងពលកម្មទូទាំងពិភពលោក ដោយសារតែភាពរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យា (AI)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ខាងក្រោមគឺជាបុគ្គលិកក្នុងផ្នែកធំៗ ៣ ដែលងាយរងគ្រោះបំផុត៖
១/. ផ្នែកលក់ និងផ្នែកទាក់ទងផ្ទាល់ជាមួយអតិថិជន៖ ក្រុមហ៊ុន Microsoft បានបណ្តេញបុគ្គលិកជាច្រើនពីផ្នែកលក់ និងការផ្តល់សេវាផ្ទាល់ទៅកាន់អតិថិជន (Customer-Facing Roles) ហើយផ្លាស់ប្តូរតួនាទីទៅជា វិស្វករដំណោះស្រាយ (Solutions Engineers) ដែលមានជំនាញបច្ចេកទេសខ្ពស់។ គោលបំណងនៃការផ្លាស់ប្តូរនេះ គឺដើម្បីសម្របសម្រួលការលក់ និងសេវាកម្មឱ្យសមស្របទៅនឹងការប្រើប្រាស់ AI និងផលិតផលឆ្លាតវៃថ្មីៗ។
២/. ផ្នែកហ្គេម និង Xbox៖ ផ្នែកហ្គេម (Microsoft Gaming/Xbox) បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយមានការបញ្ឈប់គម្រោងផលិតហ្គេមជាបន្តបន្ទាប់ដូចជា Everwild និង Perfect Dark ព្រមទាំងបិទប្រតិបត្តិការរបស់ស្ទូឌីយូហ្គេមមួយចំនួនថែមទៀតផង។ ផែនការកាត់បន្ថយបុគ្គលិកនេះ បានផ្តល់ការគំរាមកំហែងយ៉ាងខ្លាំងដល់អ្នកអភិវឌ្ឍហ្គេម និងក្រុមគ្រប់គ្រងផ្នែកបច្ចេកទេស។
៣/. ផ្នែកទីផ្សារ និងការគ្រប់គ្រង៖ ក្រុមហ៊ុន Microsoft ក៏បានកាត់បន្ថយបុគ្គលិកផ្នែកទីផ្សារ ការផ្សព្វផ្សាយ និងផ្នែកគ្រប់គ្រងមួយចំនួន ដើម្បីបង្រួមរចនាសម្ព័ន្ធ កាត់បន្ថយថ្លៃដើម និងធ្វើឱ្យដំណើរការកាន់តែប្រសើរឡើង និងលឿនជាងមុន។
គួរជម្រាបផងដែរថា អ្នកវិភាគឧស្សាហកម្មបានបញ្ជាក់ថា ការប្រែប្រួលនេះបង្ហាញពីការចាប់ផ្តើមយុទ្ធសាស្រ្ត AI-First របស់ Microsoft ដែលផ្តោតទៅលើផលិតផលឆ្លាតវៃ និងសេវាកម្មមានប្រសិទ្ធភាពខ្ពស់។ ការបន្ថយចំណាយ និងបង្រួមកម្លាំងការងារ គឺដើម្បីធានាថា ក្រុមហ៊ុនអាចប្រើប្រាស់ធនធានទៅលើការវិនិយោគ AI និងសេវាដែលមានសក្តានុពលចំណេញខ្ពស់ជាងមុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook