ការសិក្សាឬការផ្លាស់ប្តូរបទពិសោធន៍ទៅបរទេសគឺជាក្តីស្រមៃរបស់សិស្ស-និស្សិតភាគច្រើន ខណៈមាន សិស្សខ្លះបានយកបញ្ហាភាសាជាលេសដំបូងរារាំងក្តីស្រមៃរបស់ពួកគេមិនឱ្យបើកជើងមេឃរបស់ខ្លួនឯង។
ក្រឡេកមកមើល កៅ ម៉េងហ័ង យុវតីវ័យ១៩ឆ្នាំ ដែលបានទៅរៀននិងចុះកម្មសិក្សានៅប្រទេស៩ ទាំងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិក អំពីវិស័យបច្ចេកវិទ្យា តាំងពីនាងមានអាយុ១៥ឆ្នាំ តាមរយៈអាហារូបករណ៍។
ថ្មីៗនេះក្នុងវ័យ១៩ឆ្នាំ ម៉េងហ័ង បានថ្លែងសន្ទរកថា នៅអង្គការសហប្រជាជាតិអំពីប្រធានបទក្មេងស្រីនិងបរិបទបច្ចេកវិទ្យា ដែលធ្វើឱ្យផ្ទុះការសរសើរនិងគាំទ្រពេញបណ្តេញសង្គម លើការនិយាយភាសាអង់គ្លេសរបស់ក្មេងស្រីតំណាងឱ្យកម្ពុជាថាពោរពេញទៅដោយទំនុកចិត្តនិងគ្មានភាពភ័យខ្លាច។
ទន្ទឹមនឹងប្រធានបទនេះដែរកូនស្រីអ្នកខេត្តកំពង់ចាមរូបនេះ បានថ្លែងប្រាប់ក្រុមការងារចាបក្រហមដូច្នេះថាខ្លួនមិនមែនជាអ្នកពូកែភាសាអង់គ្លេសអ្វីនោះទេ ដោយសារជាកូនអ្នកខេត្តផងកញ្ញាក៏មិនបានទៅរៀនសាលាអន្តរជាតិអ្វីឆ្ងាយផ្ទះនោះដែរ ពោលគឺបានធ្លាប់រៀនសាលាគួរភាសាអង់គ្លេសនៅជិតៗភូមិដែលបង់១ខែត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ។
ប៉ុន្តែដោយហេតុជាមនុស្សដែលមាននិស្ស័យចង់ចេះនិង ចូលចិត្តរៀនពីបច្ចេកវិទ្យាតាំងពីអាយុ១៥ឆ្នាំផងនោះ ម៉េងហ័ង ប្រាប់ថារូបនាងតែងរៀនភាសាអង់គ្លេសដោយខ្លួនឯងតាមអ៊ីនធើណេត ពិសេសយូធូប (YouTube) ដែលជួយកម្រិតភាសាអង់គ្លេសរបស់នាងបានច្រើនគួរសមមកទល់បច្ចុប្បន្ននេះ។
ក្នុងនោះ កៅ ម៉េងហ័ង បានប្រាប់អំពីរបៀបរៀនតាមយូធូបរបស់នាង ដែលមាន៣យ៉ាងដូចខាងក្រោម៖
១. មើលភាពយន្តជាភាសាអង់គ្លេស តាមរយៈឆាណែល Learn English With TV Series ដែលជាកម្មវិធីនិយាយអំពីភាពយន្ត។ សម្រាប់ការរៀនតាម កម្មវិធីភាពយន្តនេះ បានជួយកញ្ញាលើការនិយាយដោយផ្តោតលើវេយ្យាករណ៍ ដែលក្នុងនោះគេបង្រៀនសម្រាយលើ ភាសានិយាយសន្ទនារបស់តួអង្គម្នាក់ៗ ជាក់ស្តែងដូចជារឿង Harry Potter ជាដើម។
២. ស្តាប់ការបង្រៀនលើឆាណែលយូធូបរបស់គ្រូជនជាតិដើម linguamarina ដែលជាការបង្រៀនផ្តោតលើពាក្យជាភាសាអង់គ្លេស សម្រាប់ការធ្វើដំណើរកម្សាន្តជុំវិញពិភពលោក និងមើលការធ្វើវីដេអូកំប្លែងសម្រាប់បង្រៀនគៀមភាសានិង Phrase លើឆាណែលយូធូប Caro Kowanz English ផងដែរ។
៣. ស្រាវជ្រាវលើប្រធានបទដែលខ្លួនចូលចិត្តនិងត្រូវរៀន ជាភាសាអង់គ្លស។ ស្របពេលដែលខ្លួនជាគ្រូបង្រៀនក្មេងៗក្រៅម៉ោងអំពីការសរសេរកូដ និងត្រូវរៀនបន្ថែមខ្លួនឯងថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាផងនោះ ម៉េងហ័ង គឺតែងតែស្រាវជ្រាវនិងអានប្រធានបទកិច្ចការ ជាភាសាអង់គ្លេស ហើយនៅពេលណាដល់កន្លែងមិនចេះគឺស្រាវជ្រាវបន្តពីចំណុចនោះ ឬសួរលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិបន្ថែម។
ក្រៅពីនេះការចូលរួមសកម្មភាពសង្គមនិងទំនាក់ទំនងភាសាអង់គ្លេសជាមួយមិត្តភ័ក្តិក៏បានជួយពង្រឹងការអនុវត្ត លើការនិយាយជាភាសាអងគ្លេសរបស់ ម៉េងហ័ង ផងដែរ។
ចំពោះរបៀបរៀនទាំង៣នេះកញ្ញាតែងតែអនុវត្តជាទម្លាប់រៀនរឿយៗ ឆ្លៀតអនុវត្តមួយថ្ងៃ១ម៉ោង ទើបធ្វើឱ្យខ្លួនអាចនិយាយភាសាអង់គ្លេសប្រកបដោយទំនុកចិត្តទោះជាពេលខ្លះក្នុងចិត្តខ្លាចខុសវេយ្យាករណ៍ និយាយមិនត្រូវតុង គេស្តាប់មិនយល់ក៏ដោយ ខុសខ្លះត្រូវខ្លះ ម៉េងហ័រយល់ថាសំខាន់ក្លាហានហ៊ាននិយាយ កុំខ្លាចគេសើចឬវាយតម្លៃ បើខ្លាចយើងនឹងមិនចេះនិយាយរហូត។
សូមជម្រាបថាបច្ចុប្បន្ន កៅ ម៉េងហ័ង គឺជាយុវតីដែលលេចធ្លោម្នាក់ក្នុងវិស័យបច្ចេកវិទ្យា នាងបានសិក្សានិងបង្កើតគម្រោងជាច្រើនដែលទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជា ដើម្បីជួយលើកកម្ពស់និងដឹកនាំសិស្សកម្ពុជា ពិសេសក្មេងស្រីនៅតាមជនបទឱ្យចេះប្រើបច្ចេកវិទ្យារើសជំនាញសិក្សាស្របតាមបរិបទពិភពលោក៕
អត្ថបទដោយ៖ ពីង ជូអេង