ជាកូនពៅខ្វះភាពកក់ក្តៅ ជួបគ្រោះធំស្ទើរស្លា.ប់ម្តង Marine Le Pen ក្លាយជាស្ត្រីមានឥទ្ធិពលបំផុតម្នាក់
Kan DaraMARCH 19 2023719 views

លោកស្រី Marine Le Pen ត្រូវបាន​មជ្ឈដ្ឋានទូទៅចាប់​អារម្មណ៍ជាខ្លាំង បន្ទាប់ពីស្ត្រីដ៏មានឥទ្ធិពលរូបនេះ ទទួលបានសំឡេងគាំទ្រច្រើនបំផុតឈរលើលំដាប់លេខរៀងទីពីរ នៃការបោះឆ្នោតជុំទីពីរផ្តាច់ព្រ័ត្រកាលពីពាក់កណ្តាលឆ្នាំ២០២២ ខណៈឈរលើលេខរៀងទីមួយគឺលោក Emmanuel Macron ដណ្តើមកៅអីប្រធានាធិបតីបារំាង។ ចុះតើអ្នកដឹងទេ ទម្រាំតែមានថ្ងៃនេះ ស្ត្រីខាងលើបានឆ្លងកាត់នូវការលំបាកជាច្រើន ជាពិសេសស្ទើតែបាត់បង់ជីវិតក្នុងគ្រោះធំមួយថែមទៀតផង។

Marine Le Pen កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៦៨ (វ័យ៥៣ឆ្នាំ) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ នាងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ ព្រមទាំងត្រូវជាកូនរបស់លោក Jean Marie Le Pen ជាអ្នកនយោបាយ ជាមេដឹកនាំបក្ស National Front និងអតីតជាទាហានប៉ារ៉ាម្នាក់ និងលោកស្រី Pierrette Lalanne។ ក្នុងឆ្នាំ១៩៧៦ ខណៈដែលកុមារី Marine ស្ថិតក្នុងវ័យ០៨ឆ្នាំនៅឡើយ នាងបាន​រួចផុតជីវិត​ពីការវាយប្រហារដោយ​គ្រាប់.បែក​ ទៅលើគ្រួសារ​ទាំងមូលខណៈពួកគេ​កំពុងគេង ប៉ុន្តែជាសំណាងល្អគ្រប់សមាជិកទាំងអស់ពុំមាននរណារងគ្រោះថ្នាក់ឡើយ។ លើសពីនេះ Marine ក៏ជាក្មេងស្រីម្នាក់ដែលមិនបានទទួលភាពកក់ក្តៅគ្រួសារផងដែរ បន្ទាប់ពីឪពុកម្តាយ​របស់នាងបាន​លែងលះគ្នា​ ក្នុ​ងឆ្នាំ១៩៨៧។

ពីតូចកុមារី Marine បានសិក្សានៅសាលា Florent Schmitt នៅទីក្រុងSaint-Cloud។ លុះធំដឹងក្តី នាងបានសិក្សា​នៅសកល​វិទ្យាល័យ Pantheon-Assas ព្រមទាំង​បញ្ចប់ថ្នាក់​អនុបណ្ឌិតឯកទេស​ច្បាស់ក្នុង​ឆ្នាំ១៩៩១ និងបញ្ចប់ផ្នែក​ច្បាប់ឧក្រិដ្ឋកម្ម​ក្នុងឆ្នាំ១៩៩២។ Marine បានបញ្ចប់ជីវិត​ជាយុវវ័យ នាងបានចំណាយ​ពេលអស់រយៈពេល​០៦ឆ្នាំ (ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨) ដើម្បីធ្វើ​ជាមេធាវី។ បន្ទាប់មកនាងបានប្រឡូកចូល​ក្នុងកិច្ចការបក្ស National Front ក្នុងឆ្នាំ១៩៨៦ ដោយមានឪពុកនាង​ធ្លាប់ជាមេដឹកនាំ​បក្សនេះផ្ទាល់។ លោកស្រី​ត្រូវបានគេបោះឆ្នោត​ធ្វើជាទីប្រឹក្សា​តំបន់ក្នុង​ឆ្នាំ១៩៩៨ នឹងបន្តកាន់ដំណែង​ដល់បច្ចុប្បន្ន និងជាសមាជិកសភា​អឺរ៉ុបពីឆ្នាំ២០០៤​ដល់បច្ចុប្បន្ន។ ក្រោយមកក៏ក្លាយ​ជាទីប្រឹក្សាក្រុង ចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១។ លោកស្រីក៏បានជាប់ឆ្នោត​ក្លាយជាមេដឹកនំា​បក្សនេះបន្តពីឪពុក ក្នុងឆ្នាំ២០១១ ផងដែរ។

លោកស្រី Marine Le Pen បាន​ឈរឈ្មោះបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជាលើកទីបី​ក្នុងឆ្នាំ២០២២នេះ។ លោកស្រីបានជាប់ឈរលើលំដាប់លេខរៀងទីពីរជាមួយនឹងគូប្រជែង​គឺលោក Emmanuel Macron។ ស្ត្រីរូបនេះត្រូវបានជាប់ចំណាប់ថ្នាក់​ ក្នុងនាមជាមនុស្ស​មានឥទ្ធិពលបំផុត​ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយទស្សនាវដ្តី Time 100។ ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៦ លោកស្រីត្រូវបានជាប់ចំណាច់ថ្នាក់​ជាបុគ្គលដ៏មានឥទ្ធិពលទីពីរ​ក្នុងនាមជាសមាជិក​សភាអឺរ៉ុប បន្ទាប់ពីប្រធាន​សភា​អឺរ៉ុប លោក Martin៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia