ដើម្បីសម្រួលការធ្វើដំណើររបស់ជាប្រពលរដ្ឋឲ្យកាន់តែជិតជាងមុន រាជរដ្ឋាភិបាលគ្រោងនឹងធ្វើការសិក្សាសាងសង់ផ្លូវថ្មីមួយខ្សែតភ្ជាប់ខេត្ដរតនៈគិរី មណ្ឌលគិរី ខេត្ដក្រចេះ និងខេត្ដកំពង់ចាម។ ខណៈបច្ចុប្បន្នការធ្វើដំណើរទៅមករវាងខេត្ដទាំង ៤ នេះ គឺត្រូវធ្វើដំណើរផ្លូវវាងឆ្ងាយ និងចំណាយរយៈពេលយូរ។
ថ្លែងនៅក្នុងពិធីសម្ពោធ ផ្លូវជាតិលេខ៧១សេ នៅខេត្ដត្បូងឃុំ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នេះសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «យើងកំពុងសិក្សាបន្ដទៀតពីខាងរតនៈគិរី មណ្ឌលគិរី ភ្ជាប់មក កុំចាំបាច់ឆ្លងកាត់ក្រចេះ ឆ្លងកាត់ស្នួល ហើយចាក់មកត្បូងឃុំ ឆ្ងាយ។ យើងសិក្សាផ្លូវដែលអាចកាត់ពីរតនៈគិរី មណ្ឌលគិរី តាមផ្លូវគោក តាមឆ្អឹងជំនីមកភ្ជាប់ក្រចេះ។ អ៊ីចឹងថ្ងៃក្រោយអ្នកស្ទឹងត្រង់ចង់ទៅលេងមណ្ឌលគិរី កាន់តែជិតហើយ»។
សូមជម្រាបថា ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទាក់ទាញការវិនិយោគ រាជរដ្ឋាភិបាលបានដាក់ផែនការក្នុងការសាងសង់ផ្លូវជាច្រើនខ្សែដូចជាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងផ្លូវជាតិ ផ្លូវខេត្ដជាដើម។ ក្រៅពីការសាងសង់ផ្លូវថ្មី ក៏មានការកែលម្អ និងពង្រីកផ្លូវជាច្រើនខ្សែទៀតដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ផ្លូវជាតិលេខ៧១C និងផ្លូវជាច្រើនផ្សេងទៀត៕