តាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ប្រទេសកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន»។
តាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃម្សិលមិញបានឲ្យដឹងដែរថា នៅថ្ងៃទី២៨ ខែកក្កដា នេះសម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិនផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះផងដែរ។
គួររំលឺកថា កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយភាគីថៃបានឯកភាពស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។ ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន៕