ក្រសួងការពារជាតិធ្វើបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា លើកទី២ ថ្ងៃទី៥
Bunthoeun KoemJULY 28 2025113 views

នៅវេលាម៉ោង ១១៖០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកទំទាវឧត្ដមសេនីយ៍ឯក  ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា លើកទី២ សម្រាប់ថ្ងៃទី៥ នៃការឈ្លានពាន។  យោងតាមការបញ្ជាក់របស់លោកជំទាវអ្នកនាំពាក្យស្ថានភាពមានដូចតទៅ ៖

Img 4019

១. ស្ថានភាពនៅសមរភូមិយោធភូមិភាគទី ៤

ភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដោយ ៖

-នៅវេលាម៉ោង ៣៖១០ នាទីព្រឹក ភាគីថៃបានបាញ់កាំភ្លើងធំចូលប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

-នៅម៉ោង ៥៖៣០ នាទី កម្លាំងថ្មើរជើងរុលចូលប្រាសាទតាក្របី រួមជាមួយកាំភ្លើងត្បាល់ និងកាំភ្លើងធំគាំទ្រ។

-ម៉ោង ៥៖៥០ នាទី កម្លាំងថ្មើរជើងដកថយទៅវិញ ប៉ុន្ដែកាំភ្លើងនៅបន្ដបាញ់ចូលមួយៗនៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ ក្រៅពីនោះស្ថានភាពស្ងប់ស្ងាត់នៅតំបន់ផ្សេងទៀត។

-ម៉ោង ៨៖១៥ នាទីយន្ដហោះថៃបាញ់រ៉ឺកែត F-16 នៅលើតំបន់ប្រសាទតាក្របី។

-ម៉ោង ១០៖២៥ នាទី ភាគីថៃបានវាយថ្មើរជើងនៅថ្មដូន ដែលគាំទ្រដោយកាំភ្លើងធំ។ ហើយមកដល់ម៉ោងនេះភាគីថៃនៅតែបន្ដវាយលុកយ៉ាងកំរោង និងឆេះយ៉ាងសន្ធោសន្ធៅនៅឡើយ។ យ៉ាងណាចំពោះកម្លាំងប្រដាប់អាវុធកម្ពុជានៅតែបន្ដឈរយ៉ាងរឹងមាំ តស៊ូយ៉ាងស្វិតស្វាញក្នុងការការពារដែនអធិបតី និងបូរណភាពទឹកកម្ពុជាដោយអង់អាចក្លាយហានជាទីបំផុត។

២. ស្ថានភាពនៅសមរភូមិយោធភូមិភាគទី ៥

ចាប់ពីម៉ោង ៧៖ ០០ នាទីព្រឹក រហូតដល់ម៉ោង ១០ ៖ ១៣ នាទី នៅថ្ងៃនេះ៖

-នៅវេលាម៉ោង ៩៖ ៤០ នាទី មានការផ្លាស់ប្ដូរមេបញ្ជាការថៃមួយចំនួន។ នេះបើតាមការរាយការណ៍ពីយោធភូមិភាគទី ៥។

-ក្នុងនោះ ចំពោះសភាពការនៅព្រំដែនសមុទ្រ គឺមានសភាពស្ងប់ស្ងាត់ធម្មតា មិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ។

លោកជំទាវអ្នកនាំពាក្យបញ្ជាក់បន្ថែមថា សម្រាប់ផលប៉ះពាល់នៃការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជាបានធ្លាក់ទៅលើជនស៊ីវិល។ ជាមួយការឈ្លានពានយ៉ាងកំរោលនេះ ទាំងសាលារៀន ភូមិឋាន ផ្ទះសំបែង វត្ដអារាម មណ្ឌលសុខភាព​ សំណង់អាគារតូចធំ ស្ថានីយប្រេងឥន្ធនៈ ផ្សារ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្ដិវប្បធម៌ជាតិ សម្បត្ដិបេតិកភណ្ឌជាតិ សម្បត្ដិបេតិកភណ្ឌពិភពលោក ក៏ត្រូវបានបំផ្លិចបំផ្លាញ រងការគំរាបកំហែង វាយប្រហារដោយមិនរើសមុខ។ និងពិសេសគំរាមយ៉ាងធ្ងន់ធ្ងន់ដល់អាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់គ្មានកំហុស​ តួយ៉ាងរួមមាន៖ស្រ្ដី ស្ដ្រីមានផ្ទៃពោះ កុមារ និងជនចាស់ជរាជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia