ត្រឹមវ័យខ្ទង់២០ ឆ្នាំ កញ្ញាតាន់ ឌីណារី បានច្នៃផ្កាមកធ្វើភេសជ្ជៈដើម្បីបានជួយទៅដល់កសិករខ្មែរក៏ដូចជាជួយទៅដល់សុខភាពមនុស្សថែមទៀតផង។ នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហម កញ្ញាតាន់ ឌីណារីបាននិយាយថា បច្ចុប្បន្ននេះកញ្ញាគឺជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការលើវិស័យកសិកម្ម។
កញ្ញា តាន់ ឌីណារី បានបន្តថាដោយធ្វើការផ្ទាល់ជាមួយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប កញ្ញាឃើញថា សមាជិកសមាគម ធ្វើការដាំដុះផ្កាម្ជូរល្មម (ផ្កាម្ជូរព្រឹក)ច្រើន ហើយពួកគាត់ក៏បានធ្វើការកែច្នៃជា ផលិតផលតែប៉ុណ្ណោះដោយឡែកកាលនៅយើងស្ថិតក្នុងស្ថានភាពកូវីតផងនិងទីផ្សារផលិតផលនោះរំពឹងលើភ្ញៀវទេសចរផងនោះ ការលក់ផលិតផល ឃើញថាតឹង។ ដូចនេះទើបសហស្ថាបនិករបស់ហាងកាហ្វេកញ្ញា (សឹខ្វដកាហ្វេ) បានសាកល្បងធ្វើការកែច្នៃ ផ្កាម្ជូរល្មម(ផ្កាម្ជូរព្រឹក)នឹងចេញជាភេសជ្ជៈ ដាក់លក់ជាមីនុយមួយប្រចាំហាង។
កញ្ញាបានបន្តថា ចំពោះការច្នៃផ្លាម្ជូរល្មម(ផ្កាម្ជូរព្រឹក)ចេញជាភេសជ្ជៈបែបនេះគឺកញ្ញាមានគោលបំណងចង់ជួយកសិករខ្មែរ ព្រោះតែបច្ចុប្បន្ននេះកសិករភាគច្រើនពួកគាត់អត់ដឹងថាយកផ្កាទាំងនេះធ្វើអ្វីមិនកើតក្រៅតែពីសម្ងួតយកធ្វើជាតែ។ ក្រឡេកមកមើលផ្កាម្ជូរល្មមបន្តិចមួយរយៈចុងក្រោយនេះយើងមើល ឃើញថា អតិថិជនរបស់មានការគាំទ្រច្រើន ដែលពីមុនមកអតិថិជនមួយចំនួនមិនបានស្គាល់ផ្ការុក្ខជាតិនេះទេ ហើយសម្រាប់ភេសជ្ជៈដែលបានច្នៃចេញពីផ្កាម្ជូរល្មមនេះក្នុងខែកន្លែងកញ្ញាអាចលក់បានជាងខ្ទង់រយកែវផងដែរ បើទោះបីជាបច្ចុប្បន្នមិនទាន់លក់ដាច់ខ្លាំងក្លាដូចហាងកាហ្វេប្រេនៗមួយចំនួន តែកញ្ញាក៏សប្បាយចិត្តព្រោះពេលនេះភេសជ្ជៈ១ប្រភេទនេះគឺមានការគាំទ្រច្រើន ហើយអតិថិជនខ្លះដឹងពីអត្ថបទប្រយោជន៍នៃភេសជ្ជៈនេះហើយ។
កញ្ញាតាន់ ឌីណារី បានពន្យល់ថា ផ្កាម្ជូរល្មម(ផ្កាម្ជូរព្រឹក)នេះមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព វាជួយសម្រួលដល់បញ្ហាទល់លាមកជួយព្យបាលអាការៈ ខ្សោយសាច់ដុំ និងអស់កម្លាំងជួយគ្រប់គ្រងសម្ពាធឈាម និងសម្រកទម្ងន់ជួយកាត់បន្ថយកម្រិតកូលេស្ដេរ៉ូលអាក្រក់(LDL)ពីរាងកាយជួយជម្រុញសកម្មភាពរបស់ប្រព័ន្ធភាពស៊ាំជួយឲ្យធូរស្រាលពីការរមួលក្រពើ និងការឈឺចាប់ពេលមករដូវជួយកាត់បន្ថយការតានតឹងអារម្មណ៍ជួយរំលាយអាហារនឹងជួយបំបាត់ភាពស្រេកទឹកផងដែរ។
ជាចុងក្រោយ កញ្ញាតាន់ ឌីណារី បានបញ្ជាក់ថា ម្ជូរល្មម(ផ្កាម្ជូរព្រឹក) ភាគច្រើនដាំនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ហើយគោលដៅធំបំផុតសម្រាប់កញ្ញាគឺចង់ឱ្យ អតិថិជនផ្សេងទៀត បានស្គាល់ ម្ជូរល្មមក៏ដូចជាភេសជ្ជៈមួយប្រភេទនេះ ដែលមានឬសគល់ចេញពីកសិករក្នុងស្រុកចំពោះកញ្ញាកញ្ញានឹងព្យាយាមជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកក៏ដូចជា រកគន្លឹះកែច្នៃផ្សេងៗ ជំរុញនិងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករផងដែរ។ ប្រសិនជាលោក លោកស្រីចង់ភ្លក់នៅភេសជ្ជៈនេះឬចង់ដឹងព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខ៖ 015 959 805 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ