តារាស្រីថៃល្បីឈ្មោះ កញ្ញា Mai Davika ត្រូវបានគ្រប់គ្នាស្គាល់តាមរយៈភាពប៉ិនប្រសប់ និងទេពកោសល្យក្នុងការសម្តែងរឿងជាច្រើន នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេងមក ពោលគឺចាប់តាំងពីនាងមានអាយុ ១៤ឆ្នាំមកម្ល៉េះ។ក្រៅពីមានរូបសម្រស់ស្អាត និងមានភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ Mai Davika ក៏ជាអ្នកជំនួញលាក់មុខ តម្លៃលានដុល្លារមួយរូបផងដែរ។
ជាក់ស្តែងយោងតាមការចុះផ្សាយរបស់ Share Rice បានឱ្យដឹងថា ក្រៅពីអាជីពជាតារាសម្តែង និងតារាបង្ហាញម៉ូត តារាស្រីលំដាប់ប្រទេស Mai Davika មានអាជីវកម្មផ្ទាល់ខ្លួនចំនួន ៣ កំពុងកាន់ក្នុងដៃ ដែលរួមមាន ហាងកាហ្វេ តម្លៃ៥លានដុល្លារ Misstar Cafe, ហាងលក់សម្ភារសន្សុតខ្យល់ Misstar Fresh និងហាងលក់សម្លៀកបំពាក់ Davi.bydavika ដែលបានបើកសម្ពោធជាផ្លូវការកាលពីឆ្នាំ ២០១៩ កន្លងទៅ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកការសែតក្នុងស្រុក នាឱកាសនៃការបើកសម្ពោធហាងសម្លៀកបំពាក់ Davi តារាស្រីកូនកាត់ បែលហ្ស៊ិក រូបនេះបានលើកឡើងថា ក្នុងចំណោមអាជីវកម្មទាំងអស់ អាជីវកម្មដែលមានភាពលេចធ្លោរជាងគេគឺហាងកាហ្វេ ដែលបច្ចុប្បន្នហាងកាហ្វេនាងបានពង្រីកខ្លួនក្លាយទៅជាវិមានមួយដ៏ធំ សម្រាប់ទទួលភ្ញៀវចូលទៅទស្សនៈ និងការញ៉ាំកាហ្វេល្បីប្រចាំហាង និងអាចថតរូបជាមួយប្លង់ស្អាតៗជាច្រើនដែលនាងទើបនឹងបានរៀបចំចាយលុយអស់ ៥លានដុល្លារ។
តារាស្រីវ័យ ២៧ឆ្នាំ រូបនេះបានបញ្ជាក់ទៀតថា ដំបូងឡើយ Misstar Cafe គ្រាន់តែជាហាងតូចមួយប៉ុណ្ណោះ ប៉ុន្តែក្រោយមកនាងម្តាយរបស់នាងបានទិញដីនៅតំបន់នោះពង្រីកបន្ថែមរហូតក្លាយជាវិមានកាហ្វេមួយដ៏ធំ ដែលមិនត្រឹមតែមានលក់កាហ្វេប៉ុណ្ណោះ ថែមទាំងមានសាលសម្រាប់ការរៀបចំកម្មវិធី ជប់លាង មង្គលបានថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រោយពីជាតារាស្រីល្បីលំដាប់ប្រទេស Mai Davika ក៏ជាទូតសុឆន្ទៈរបស់ប្រេនល្បីនៅក្រៅប្រទេសជាច្រើនផងដែរ ហើយបើគិតមកដល់ពេលនេះ Mai Davika មានទ្រព្យសម្បត្តិ សរុបចន្លោះពី ១៥ ទៅ ២០លានដុល្លារ នេះបើតាមរបាយការណ៍ celebs update ក្នុងឆ្នាំ ២០២២ នេះ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង