ពេលចេញរកស៊ីដំបូងៗ ម្ចាស់អាជីវកម្មភាគច្រើនតែងប្រឈមនឹងបញ្ហាលក់មិនដាច់ ព្រោះហាងទើបបើកមិនសូវមានអ្នកស្គាល់។ ម្យ៉ាងទៀត ប្រសិនបើទំនិញដែលគេលក់នោះមិនមែនជារបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ វារឹតតែពិបាកក្នុងការលក់ឱ្យបានដាច់ជាប្រចាំណាស់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ អ្នកស្រី ឈឺន ពុទ្ធារី ស្ថាបនិក សិប្បកម្មម៉ាដាមច្នៃ (Madam Chnai) បានបង្ហើបថា ដើម្បីឱ្យផលិតផលមួយលក់ដាច់ ក្រៅពីធ្វើការផ្សព្វផ្សាយ ម្ចាស់អាជីវកម្មគួរតែសាកល្បងវិធីសាស្ត្រ “យកផលិតផលដែលគេចាំបាច់ប្រើប្រាស់រាល់ថ្ងៃមកលក់បន្ថែម” ។
អ្នកស្រីពន្យល់ថា រកស៊ីមិនអាចអត់ចំណូលបានទេ ដូច្នេះបើលក់មិនដាច់ម្ចាស់អាជីវកម្មគួរតែរកផលិតផលផ្សេងបន្ថែមពីផលិតផលគោលរបស់ហាង ដើម្បីបានចំណូលជាប្រចាំ និងទាក់ទាញភ្ញៀវឱ្យមកស្គាល់ហាង ព្រមទាំងបានស្គាល់ទំនិញប្រចាំក្នុងហាងផងដែរ។ គាត់បន្តថា “មនុស្សភាគច្រើនតែងតែជ្រើសរើសចំណាយលើរបស់ដែលត្រូវការប្រើប្រចាំថ្ងៃ ជាជាងរបស់អនុស្សាវរីយ៍ ហេតុនេះដើម្បីឱ្យអថិជនស្គាល់ទំនិញគោលរបស់ហាងអ្នក សូមចាប់ផ្ដើមពីការលក់របស់ដែលគេត្រូវការសិន”។
ជាក់ស្ដែងដូចជាហាង ម៉ាដាមច្នៃ របស់គាត់ផ្ទាល់ ហាងមួយនេះផ្ដោតសំខាន់ទៅលើចម្លាក់ស្ពាន់ ប៉ុន្តែដើម្បីឱ្យអតិថិជនស្គាល់ចម្លាក់ស្ពាន់ អ្នកស្រីក៏លក់ផលិតផលសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ និងសួនផ្កាបន្ថែម។ ផលិតផលបន្ថែមទាំងនោះជាប្រភេទទំនិញដែលប្រជាជនខ្មែរច្នៃចេញពី វល្លិផ្ដៅ ឬរពាក់ជាដើម ទើបធ្វើឱ្យទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនជាច្រើន និងបាននាំឱ្យគេចាប់ផ្ដើមស្គាល់ចម្លាក់ស្ពាន់របស់ ម៉ាដាមច្នៃ ផងដែរ។
សហគ្រិនស្រ្តីរូបនេះបានបញ្ជាក់ផងដែរថា “ចេញរកស៊ីគួរចាប់ផ្ដើមពីតូច ព្រោះវាមិនត្រូវការចំណាយច្រើន ទោះអ្នកលក់មិនដាច់ពេលបើកដំបូង តែផលប៉ះពាល់វាមានតិច និងងាយស្រួលក្នុងការបន្ថែមទុនលើផលិតផលផ្សេងដែលអាចនាំភ្ញៀវមកទិញទំនិញគោលរបស់អ្នកបានទៀតផង”៕