ស្ថាបត្យករខ្មែរជំនាន់សង្គមរាស្រ្តនិយម លោកព្រឹទ្ធាចារ្យមហាស្ថាបត្យករ លុយ បានហាប់ ប្អូនប្រុសជីដូនមួយរបស់ស្ថាបត្យករល្បីឈ្មោះ លោកតា វណ្ណមូលីវណ្ណ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។ នេះបើតាមការឱ្យដឹងពីគេហទំព័រ ដំណើរខ្មែរ។
សំណង់ស្ថាបត្យកម្មក្នុងយុគសម័យមាសរបស់កម្ពុជា ដែលយើងបានឃើញបានស្គាល់ដូចជា សាលមហោស្រពចេនឡា, សណ្ឋារគារកាំប៉ូឌីយ៉ាណា, រាជដំណាក់ព្រះគន្ធបុប្ផា ក្នុងវិមានរដ្ឋចម្ការមន, អគារសាលាខេត្តកណ្តាល , អគារស្នាក់នៅប៊ូឌីង, វិទ្យាល័យទួលស្វាយព្រៃ, មណ្ឌលកីឡាខេត្តបាត់ដំបង , អគារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម , ព្រះរាជដំណាក់លើភ្នំគិរីរម្យជាដើម។
អគារស្ថាបត្យកម្មទាំងនេះ សុទ្ធសឹងតែជាស្នាដៃគូរប្លង់របស់ព្រឹទ្ធាចារ្យបណ្ឌិតស្ថាបត្យករខ្មែរ លុយ បានហាប់ ស្ថាបនាទីក្រុងភ្នំពេញឱ្យពោរពេញទៅដោយហេដ្ឋារចនាសម័្ពន្ធនិងអគារទំនើបៗជាច្រើនក្រោមការទទួលស្គាល់ស្នាដៃ ដោយសម្តេច នរោត្តម សីហនុ ព្រះបិតាជាតិខ្មែរចាប់តាំងពីឆ្នាំ១៩៦០។
គួរបញ្ជាក់ផងដែរថាលោកតាព្រឹទ្ធាចារ្យបណ្ឌិតស្ថាបត្យករខ្មែរ លុយ បានហាប់ មានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម និងបានទៅសិក្សានៅប្រទេសបារាំងលើ និងជំនាញស្ថាបត្យកម្ម ដែលនឹងត្រូវជាបងប្អូនជាជីដូនមួយរបស់លោកតាវណ្ណម៉ូលីវណ្ណ ដែលប្រជាជនខ្មែរយ៉ាងផុសផុលបានស្គាល់លោក៕
ប្រភពរូបភាព៖ ពុំ មាសបណ្ឌូល
ផ្សព្វផ្សាយដោយ៖ ដំណើរខ្មែរ
អត្ថបទដោយ៖ ពីង ជូអេង