ជាធម្មតានរណាៗក៏ចង់កើនចំណូល និងសល់ទ្រព្យជារបស់ខ្លួនដែរ ដូច្នេះហើយទើបគ្រប់គ្នាចេះតែខិតខំស្វែងរកគ្រប់វិធីដើម្បីអាចបង្កើតចំណូលច្រើនច្រក ឬខំឆ្លៀតឱកាសទិញទ្រព្យល្អៗទុកដូចជាផ្ទះ ឬដីជាដើម។ ក៏ប៉ុន្តែបើអ្នកកំពុងតែមានចំណូលមិនទាន់ទៀងទាត់ សូមកុំប្រញាប់ប្រថុយធ្វើរឿងទាំង៥ខាងក្រោមនេះអី ព្រោះវាអាចនាំអ្នកឱ្យធ្លាក់ក្នុងបំណុលដោយអចេតនាបាន។
១. បង់រំលស់ផ្ទះ៖ ការមានផ្ទះជារបស់ខ្លួនអាចធ្វើឱ្យជីវិតរបស់អ្នកមានលំនឹង ប៉ុន្តែបើអ្នកបង់រំលស់ផ្ទះទាំងដែលចំណូលរបស់អ្នកមិនទៀងទាត់។ វាអាចធ្វើឱ្យអ្នកមានបញ្ហាបើថ្ងៃណាមួយអ្នកបាត់បង់លទ្ធភាពបង្កើតចំណូល ឬក៏បើខែណាមួយចំណូលរបស់អ្នកធ្លាក់ចុះខ្លាំង អ្នកមុខជាគ្មានលទ្ធភាពទ្រទ្រង់ជីវភាពព្រមទាំងបង់ប្រាក់ប្រចាំខែឱ្យបានទាន់ពេលឡើយ។
២. បង់រំលស់ឡាន៖ មិនខុសពីផ្ទះប៉ុន្មានទេ ការដែលមានឡានអាចជួយសម្រួលដល់ការប្រកបការងារ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់អ្នក។ បើអ្នកទិញដាច់តែម្ដងមិនសូវជាបញ្ហាប៉ុន្មានទេ តែបើអ្នកជ្រើសរើសការបង់រំលស់ ដោយពឹងផ្អែកលើប្រាក់ខែដែលអ្នករកបានជារៀងរាល់ខែ វាអាចមានបញ្ហានៅពេលដែលខែណាមួយអ្នកធ្លាក់ចំណូល ព្រោះប្រាក់ខែរបស់អ្នកមិនទៀងទាត់។
៣. បង់រំលស់ដី៖ ការវិនិយោគលើដី គឺជាអ្វីដែលអ្នកមានៗភាគច្រើនណែនាំឱ្យធ្វើ ប៉ុន្តែអ្នកក៏ត្រូវដឹងដែរថា អចលនទ្រព្យគឺជាទ្រព្យមានតម្លៃ ហើយក៏ថ្លៃណាស់ដែរ។ ដូច្នេះដើម្បីទិញដីមួយដុំធំបាន មនុស្សភាគច្រើនត្រូវការបង់លុយជាដំណាក់កាល ឬក៏បង់រំលស់។ បើចំណូលអ្នកទៀងការបង់រំលស់ដីមិនចោទជាបញ្ហាសំខាន់ឡើយ តែបើប៉ះចំចំណូលមិនទៀងវិញ អ្នកអាចមានបញ្ហាដោយសារតែទ្រព្យមិនខានឡើយ។
៤. ចាប់ផ្ដើមអាជីវកម្មធំពេក៖ ការសម្រេចចិត្តចេញរកស៊ីតាមក្ដីស្រមៃគឺជារឿងល្អ ប៉ុន្តែបើអ្នកចាប់ផ្ដើមធំពេក វាអាចនាំឱ្យអ្នកមានបញ្ហា ហើយបញ្ហាប្រឈមនឹងរឹតតែធ្ងន់បើអ្នកគ្មានចំណូលសម្រាប់ទប់ទល់គ្រប់គ្រាន់។ ដើម្បីការពារខ្លួន អ្នកគួរតែចាប់ផ្ដើមពីតូចទៅសិន កុំហក់លោតខ្ពស់ពេក សន្សឹមៗសិន ទៅមុខម្ដងបន្តិចៗ ទើបអាចលូតលាស់រឹងមាំល្អមិនប្រហោងក្នុង។
៥. វិនិយោគលើអ្វីដែលខ្វះជំនាញ៖ ពិតហើយដែលគេនិយាយថា ការវិនិយោគគឺជាផ្លូវបង្កើតចំណូលអកម្មដ៏ល្អមួយ ប៉ុន្តែការវិនិយោគដែលខ្វះជំនាញនិងចំណេះដឹង អាចធ្វើឱ្យអ្នកទទួលបាននូវលទ្ធផលមិនល្អឡើយ។ មិនថាអ្នកមានលុយតិចឬច្រើនឡើយ មុននឹងសម្រេចចិត្តធ្វើការវិនិយោគលើអ្វីមួយ ត្រូវសិក្សាឱ្យបានច្បាស់សិន។ បើចង់វិនិយោគលើមាសស្វែងយល់ពីមាសសិន បើចង់វិនិយោគលើផ្សារហ៊ុន ត្រូវសិក្សាពីផ្សារហ៊ុនសិន។
សរុបមកអត្ថបទខាងលើមិនមែនមានន័យមិនចង់ឱ្យអ្នកធ្វើអ្វីដើម្បីបង្កើនលុយនោះទេ គ្រាន់តែចង់ដាស់អារម្មណ៍លោកអ្នកឱ្យមានការប្រុងប្រយ័ត្នចំពោះការចាយវាយលុយកាក់ មិនថាពេលអ្នកមានចំណូលតិចឬច្រើនឡើយ។ បើដរាបណាចំណូលរបស់អ្នកមិនទាន់ទៀងទាត់ អ្នកត្រូវតែប្រយ័ត្នឱ្យកាន់តែខ្លាំង ហើយទន្ទឹមនឹងនោះ សូមកុំភ្លេចខំប្រឹងរក្សាចំណូលឱ្យបានល្អផង លៃយ៉ាងណាឱ្យខ្លួនឯងមានចំណូលទៀងទាត់ដើម្បីងាយចាប់ឱកាសបង្កើនទ្រព្យ៕