បច្ចុប្បន្ននេះ បើនិយាយពីស្ពានដែលវែងជាងគេនៅស្រុកខ្មែរ នោះគេនឹងនឹងទៅដល់ស្ពានអ្នកលឿងមុនគេ ព្រោះថាស្ពានមួយនេះមានប្រវែងសរុបដល់ ២ ២១៥ ម៉ែត្រឯណោះ។ ប៉ុន្ដែទៅពេលខាងមុខ ស្ពានអ្នកលឿងនឹងឈប់ក្លាយជាស្ពានដែលវែងជាងទៀតហើយ ពេលដែលស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលបង្កប់នៅក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតសាងសង់រួចរាល់។
បើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូននាពេលថ្មីៗនេះបានឲ្យដឹងថា ស្ពានមួយនេះមានប្រវែងប្រមាណ ៥ គីឡូម៉ែត្រឯណោះបើរាប់ទាំងតួផ្លូវ។
ជាក់ស្ដែងថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានមានប្រសាសន៍យ៉ាងដូច្នេះថា“ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៨ គីឡូម៉ែត្រ ប៉ុន្ដែមានស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ទាំងស្ពាន ទាំងផ្លូវមានប្រវែងប្រហែល ៥ គីឡូម៉ែត្រ”។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា ១៣៨គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១,៦៣៨ លានដុល្លារអាមេរិក៕
អត្ថបទ៖ កឹម ប៊ុនធឿន