អ្នកលេងជើងឆើតលើសមរភូមិវាលស្មៅកីឡាករ Lionel Messi បានប្រកាសជាផ្លូវការថា ខ្លួនសម្រេចចិត្តចាកចេញពីទ្រនំចាស់ Paris Saint-Germain ទៅចូលរួមលេងឲ្យក្លឹបបាល់ទាត់ Inter Miami នៃ Major League Soccer។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកាសចាកចេញនេះធ្វើឡើងកាលពីថ្ងៃពុធ លោក Lionel Messi បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងទៅក្លឹប Miami។ ខ្ញុំពិតជាចង់ត្រឡប់ក្រោយណាស់ ប៉ុន្តែនៅពេលដែលខ្ញុំគិតពីបទពិសោធន៍លើអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ខ្ញុំមិនចង់ត្រឡប់ទៅកាន់ស្ថានភាពដូចមុនទេ»។
គួរជម្រាបផងដែរថា Messi បានចូលរួមជាមួយ PSG ក្រោយចាកចេញពី Barcelona ក្នុងឆ្នាំ២០២១ ហើយបានឈ្នះពានរង្វាន់ Ligue 1 ពីរលើក ទោះបីជាក្លឹបបារាំងនេះ នៅតែមិនទាន់អាចឈ្នះពាន Champions League ដែលពួកគេចង់បានក៏ដោយ។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានបង្ហើបថា ការចាកចេញពី Barcelona អនុញ្ញាតឱ្យគាត់មានភាពចាស់ទុំក្នុងនាមជាកីឡាករ ហើយអ្នកខ្លះបានលើកឡើងថា ការចាកចេញពី Barcelona អនុញ្ញាតឱ្យគាត់អភិវឌ្ឍគុណភាពភាពជាអ្នកដឹកនាំ ដែលគាត់បានបង្ហាញនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា កាលពីក្នុងខែធ្នូ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)