ក្រសែភ្នែកមុត មុខមាំ និងជាគណៈកម្មការបុរសតែម្នាក់គត់ ដែលមានវត្តមានក្នុងកម្មវិធី Master Chef Cambodia ទាំង៣រដូវកាល លោក Judge Nara គឺជាប្រធានចុងភៅឆ្នើមមួយរូប ដែលបានបម្រើការងារអស់រយៈពេលជាង១០ឆ្នាំ ក្នុងសណ្ឋាគារលំដាប់ផ្តាយប្រាំ។
Judge Nara មានឈ្មោះពេញថា រិន ណារ៉ា បច្ចុប្បន្នគឺជាទីប្រឹក្សាយោបល់ របស់ភោជនីយដ្ឋានមួយចំនួន និងជាប្រធានចុងភៅក្នុងភោជនីយដ្ឋានដ៏ល្បីល្បាញមួយកន្លែង លើទឹកដីរាជធានីភ្នំពេញ។
ក្នុងអាជីពជាមេចុងភៅចាស់វស្សា លោកមានជំនាញខ្ពស់លើការចម្អិនម្ហូបទាំងអាស៊ី និងអឺរ៉ុប រហូតបានក្លាយទៅជា Star of Raffles ដែលមានន័យថាគឺជាបុគ្គលិកដ៏ឆ្នើមបំផុតនៅក្នុង ឥណ្ឌូចិន របស់គ្រុប Raffles នៅពេលដែលលោកធ្វើការជាប្រធានចុងភៅនៅសណ្ឋាគារ Raffles Hotel Le Royal។
លោក ណារ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «អាជីពជាចុងភៅ ពិតជាផ្តល់តម្លៃឲ្យជីវិតខ្ញុំខ្លាំងណាស់ បន្ទាប់ពីខ្ញុំបានចំណាយពេលវេលាទាំងអស់របស់ខ្ញុំនៅក្នុងផ្ទះបាយ តែខ្ញុំនៅតែអាចបន្លំខ្លួនក្នុងវិថីមួយដ៏វែងឆ្ងាយ»។
ក្នុងនោះ បុរសម្នាក់នេះមានក្តីស្រមៃចង់បង្កើតសាលាធ្វើម្ហូបមួយដែលមានតម្លៃសមរម្យសម្រាប់បងប្អូនខ្មែរ ហើយអាចចាប់អាជីពចុងភៅតាមផ្នែកដែលខ្លួនស្រលាញ់ ដោយមិនចាំបាច់ចំណាកស្រុក ទៅធ្វើជាជនអន្តោប្រវេសន៍នៅតាមស្រុកគេឡើយ។ នេះយោងតាមកិច្ចសម្ភាសន៍ក្នុងកម្មវិធី “បុគ្គលល្អឯក” របស់ ABC Beer Cambodia។
មិនតែប៉ុណ្ណោះ លោក ណារ៉ា ក៏ចង់បង្កើតភោជនីយដ្ឋានតូចមួយ ដែលមានគុណភាពម្ហូប ទាំងអនាម័យ និងបរិយាកាសល្អ សម្រាប់ប្រជាជនខ្មែរ ជាពិសេសច្នៃម្ហូបខ្មែរឲ្យកាន់តែរីកចម្រើន និងល្អជាងមុន ដើម្បីផ្សព្វផ្សាយទៅដល់ប្រទេសជិតខាងថា ខ្មែរយើងក៏មានម្ហូបមួយដែលល្អ ហើយមើលមកលក្ខណៈស្តង់ដារ មិនចាញ់ប្រទេសដទៃនៅលើពិភពលោកឡើយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24