ក្លាយជាថៅកែទាំងវ័យក្មេង! មេធំ Facebook ផ្តល់មេរៀន ៣ ដល់យុវវ័យគួរធ្វើ បើចង់ក្លាយជាថៅកែទាំងវ័យក្មេង
ធី ស្រីល័ក្ខMAY 16 20231.1 K views

លោក Mark Zuckerberg គឺជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់សហរដ្ឋអាមេរិកដែលទ្រព្យរាប់ពាន់លានដុល្លារ លោកបានចូលប្រឡូកក្នុងវិស័យរកស៊ីតាំងពីអាយុ ១៩ ឆ្នាំមកម្លេះ។ហើយតាមរយៈបទពិសោធន៍រកស៊ីជាច្រើនកន្លងមករបស់លោក បានធ្វើឱ្យលោកទទួលបានមេរៀននិងបទពិសោធន៍ល្អៗជាច្រើនក្នុងការរកស៊ី ក្នុងនោះដែរ ក្រោយពីជោគជ័យលើស្នាដៃបង្កើតហ្វេសប៊ុននៅឆ្នាំ ២០០៤ លោកក៏បានចែករំលែកនូវមេរៀនល្អៗចំនួន ៣ មកកាន់យុវវ័យជំនាន់ក្រោយ ដើម្បីជួយឱ្យពួកគេក្លាយជាសហគ្រិនឆ្នើមនិងវ័យក្មេងដូចជារូបលោកដែរ ដោយមេរៀនទាំងនោះរួមមាន ៖

១.ទៅរកកន្លែងដែលមានក្តីសុខនិងកន្លែងរីកចម្រើន

មេធំហ្វេសប៊ុនគាត់បាននិយាយថា​ កន្លែងដែលមានក្តីសុខជាកន្លែងដែលក្តីស្រមៃយើងនៅទីនោះ មានន័យថា យុវវ័យគួរតែចំណាយពេលរកគោលដៅ ហើយដើរតាមគោលដៅដោយភាពរីករាយនិងក្តីសុខជាមួយគោលដៅនោះ មិនមែនទៅសប្បាយរីករាយមានក្តីសុខនៅកន្លែងកំសាន្តដូចជាក្លឹប កន្លែងផឹកស៊ីនោះទេ ប៉ុន្តែយុវវ័យគួរចំណាយពេលធ្វើអ្វីដែលនាំឱ្យខ្លួនឯងរីកចម្រើនដូចជាការរៀនសូត្រជំនាញថ្មីៗ ឬអាចជាការចាប់ផ្តើមក្តីស្រមៃចេញរកស៊ីជាដើម សុទ្ធសឹងតែជាអ្វីដែលយុវវ័យគួរតែធ្វើប្រសិនបើចង់ក្លាយទៅជាសហគ្រិនទាំងវ័យក្មេង។

២.ការកសាងទំនាក់ទំនង

ការកសាងទំនាក់ទំនងគឺជាភាពចាំបាច់បំផុតសម្រាប់យុវវ័យ ព្រោះការកសាងទំនាក់នងនេះ អាចក្លាយទៅជាស្ពានឆ្លងទៅរកភាពរីកចម្រើនបាននៅពេលដែលចេញរកស៊ី។ដោយហេតុថា នៅពេលយើងមានទំនាក់ទំនងល្អ ទាំងក្នុងសង្គម សាលារៀន កន្លែងធ្វើការ នៅពេលយើងចេញរកស៊ីយើងនឹងមានដៃគូដែលជាអ្នកជួយគាំទ្រ ជាចាំជួយផ្តល់ជាគំនិតនិងការពិភាក្សាពេលយើងមានបញ្ហា ហេតុដូច្នេះនៅអំឡុងពេលយុវវ័យបើមិនទាន់មានជំនាញអ្វីច្បាស់ទេនោះ គួរតែសន្សំចំណេះជំនាញ និងកសាងទំនាក់ទំនងឱ្យបានច្រើនជាមួយមនុស្សជុំវិញខ្លួន។

៣.ហ៊ានប្រថុយ

ចំណុចចុងក្រោយដែលនឹងធ្វើឱ្យយុវវ័យអាចក្លាយជាសហគ្រិនទាំងវ័យក្មេងបានគឺការហ៊ានប្រថុយ បច្ចុប្បន្នមានមនុស្សច្រើនមែនទែនដែលមានក្តីស្រមៃ ប៉ុន្តែមិនហ៊ានធ្វើ មិនហ៊ានប្រថុយ នេះដោយសារតែពួកគេមានភាពភ័យខ្លាច ហើយភាពភ័យខ្លាចបរាជ័យទាំងអស់នោះហើយដែលមិនអាចធ្វើឱ្យយើងរីកចម្រើនទៅមុខបាន។ហេតុដូច្នេះយុវវ័យគួរតែក្លាហានហ៊ានចេញរកស៊ី ហ៊ានធ្វើអ្វីដែលខ្លួនឯងចង់ កុំសុញ ហើយកុំខ្លាច ព្រោះបើនៅខ្លាចមិនហ៊ានចាប់ផ្តើមធ្វើតទៅពេលក្រោយអាចជាស្តាយក្រោយសម្រាប់អ្នក។

គួររំលឹកផងដែរថា ដើម្បីឱ្យខ្លួនមានការរីកចម្រើន ហើយអាចក្លាយខ្លួនទៅជាសហគ្រិនទាំងវ័យក្មេងបានត្រូវដុះខាតនិងធ្វើនូវរឿងទាំង ៣ចំណុចខាងលើជាពិសេសគឺការរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia