អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីពិភពជំនួញមានឈ្មោះបោះសំឡេងមួយរូបក្នុងស្រុកខ្មែរ បានចែករំលែកនូវបទពិសោធន៍ខ្លឹមៗ ៣ចំណុច ធ្វើឲ្យជីវិតគ្រួសារពោរពេញដោយសុភមង្គល និងស្នាមញញឹម។
ថ្លែងក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ាបានពោលពាក្យជូនពរដ៏កម្រដល់គូស្វាមីភរិយាថ្មី មានអត្ថន័យយ៉ាងជ្រាលជ្រៅដូច្នេះថា៖ «ពរបីមាត់ត្រូវចងចាំ ទី១ ពីមុនយើងជាមនុស្សម្នាក់ តែពេលនេះយើងមានគ្នាពីរនាក់ ដូច្នេះមនុស្សពីរនាក់អាចគិតខុសគ្នាបន្តិច ប៉ុន្តែយើងត្រូវសួរគ្នារហូត មិនអាចគិតតែខ្លួនយើងម្នាក់ដូចមុនទេ ហើយត្រូវគិតថាអ្វីដែលប្រពន្ធយើងចូលចិត្ត អ្វីដែលប្តីយើងចូលចិត្ត ព្យាយាមគិតឱ្យក្បែរគ្នាបំផុត មិនអាចគិតតែពីអ្វីដែលយើងចូលចិត្តនោះទេ»។
អ្នកឧកញ៉ាបានបន្តទៀតថា៖ «ទី២ ពេលដែលយើងរស់នៅជាមួយគ្នាជាប្តីប្រពន្ធ មិនមែនមានតែពាក្យថា Sweet រហូតទេ ក្នុងនោះក៏មានភាពជូរចត់ ផ្អែមល្ហែម ដូច្នេះពេលខ្លះយើងត្រូវតែអត់ធ្មត់ និងត្រូវតស៊ូក្នុងជីវិតរបស់យើងគ្រប់ពេលវេលា។ ចំណែកឯទី៣ ឪពុកម្តាយមិនចង់បានអ្វីពីកូនទាំងពីរឡើយ គ្រាន់ចង់ឃើញកូនៗមានសុភមង្គល។ សូម្បីព្រះឥន្ទ ព្រះព្រហ្ម ក៏មិនអាចជួយឱ្យកូនៗមានសុភមង្គលដែរ គឺមានតែកូនទាំងពីរជាអ្នកកសាងសុភមង្គលដោយខ្លួនឯង។ ដូច្នេះកូនត្រូវគិតថា សុភមង្គលទាំងអស់ គឺនៅជិតយើង ទាល់តែយើងបង្កើតវា ទើបអាចឃើញសុភមង្គលកើតឡើងបាន»។
គួរជម្រាបផងដែរថា នារាត្រីនោះ អ្នកឧកញ៉ានិងភរិយា ក៏បានឡើងបកស្រាយចម្រៀងមួយបទយ៉ាងផ្អែមល្ហែម មុនពេលពោលពាក្យជូនពរទៅកាន់ កូនកំលោះមានឈ្មោះថា សិទ្ធិគុន វ៉ាន់ដាវីដ (Vandavid Sithikun) និងកូនក្រមុំមានឈ្មោះថា គី ម៉ីលីង (Mei Ling KY) ដែលជាម្ចាស់កម្មវិធី ទាំងអារម្មណ៍រីករាយ និងរំភើបបំផុត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)