Lubarsky ធ្លាប់ជាប់បំណុលគេជុំទិស ប្រែមករកចំណូលបាន១៨លាន$/ឆ្នាំ ពីរបរមួយកំពុងក្ដៅបំផុតនៅបរទេស
Kan DaraDECEMBER 4 2022659 views

កាលពី៨ឆ្នាំមុន Larry Lubarsky គឺជាបុរសម្នាក់ដែលរៀនមិនបានខ្ពស់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ស្ថិតក្នុងវ័យ ៣១ឆ្នាំ គ្មានលុយសន្សំ គ្មានអ្វីៗទាំងអស់ ហើយថែមទាំងជំពាក់បំពុលគេជុំទិស ១០ម៉ឺនដុល្លារទៀត។ លោកធ្លាប់ថ្លែងប្រាប់ CNBC Make It ថា៖ «ខ្ញុំរស់នៅជាមួយម្តាយ កាលនោះខ្ញុំជំពាក់បំណុលគេច្រើនណាស់ អាវមិនអាវខោមិនខោ មុខគេមិនចង់មើល មិនហ៊ានសូម្បីស្រមៃចង់ទិញទូរស័ព្ទ ឬឡាន។ អ្វីដែលឈឺចាប់ជាងនេះ ខ្ញុំដឹងថា ខ្ញុំពុំមានលទ្ធភាពណាត់ជួបសូម្បីជាមួយមនុស្សស្រីដែលខ្លួនឯងស្រលាញ់ឡើយ»។ ប៉ុន្តែសព្វថ្ងៃនេះ Lubarsky គឺជាម្ចាស់ក្រុមហ៊ុនមួយដែលមានបុគ្គលិក ១០នាក់និងទាញប្រាក់ចំណូលចំនួន ១៨លានដុល្លារកាលពីឆ្នាំមុនដោយលក់ផលិតផលផ្សេងៗរាប់ពាន់មុខនៅលើ Amazon។

ក្នុងកំឡុងពេលជំពាក់លុយគេវិលក្បុង ម្ចាស់បំណុលទាមុខទាក្រោយមិនហ៊ានចង់ចេញទៅក្រៅផ្ទះ បានរុញច្រានឲ្យ Lubarsky រកឃើញវិធីមួយដើម្បីបង្កើតចំណូលដោះស្រាយបញ្ហានេះ។ Lubarsky បានទិញផលិតផលដូចជាគ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ឬប្រដាប់ប្រដាក្មេងលេងជាច្រើន ហើយបន្ទាប់មកដាក់លក់វាឡើងវិញនៅលើក្រុមហ៊ុន Amazon ដើម្បីទាញយកប្រាក់ចំណេញ។

ឧទាហរណ៍ប្រសិនបើគាត់ឃើញកាំភ្លើង Nerf លក់ក្នុងតម្លៃ ២០ដុល្លារក្នុងមួយដុំនៅលើ Amazon គាត់នឹងទិញកាំភ្លើង Nerf និងប្រដាប់ក្មេងលេងរាប់រយឬរាប់ពាន់មុខក្នុងតម្លៃបោះដុំ ១០$/មួយដុំ បន្ទាប់មកដាក់លក់វានៅលើ Amazon ហើយយកចំណេញ ៥ដុល្លារក្នុងមួយប្រដាប់ក្មេងលេង។ ឬម្យ៉ាងវិញទៀត លោករកមើលតម្លៃថោកបំផុត និងដាក់លក់វិញក្នុងម្លៃមួយខ្ពស់។ លោកបានលើកឡើងថា៖ «ហេ! ខ្ញុំអាចទិញវាក្នុងតម្លៃ ១០ដុល្លារហើយខ្ញុំអាចលក់វានៅលើក្រុមហ៊ុន Amazon ក្នុងតម្លៃ ២០ដុល្លារ ដូច្នេះខ្ញុំចំណេញបាន១០ដុល្លារពីដំណើរការលក់ម្តងៗ ខ្ញុំអាចលក់បានប្រាំទៅប្រាំមួយដងក្នុងមួយថ្ងៃ»។ លោកបន្តធ្វើបែបនេះរហូត និងដាក់លក់តែផលិតផលដែលមនុស្សចង់បានទិញប៉ុណ្ណោះ។ Lubarsky បានប្រាប់ CNBC Make It ថា៖ «ជាទូទៅយើងស្វែងរកផលិតផលមួយភាគរយប៉ុណ្ណោះពីផលិតផលរាប់ពាន់ដែលអ្នកមើលឃើញថាពិតជាលក់ដាច់និងមានប្រាក់ចំណេញល្អ»

បច្ចុប្បន្នអាជីវកម្មរបស់ Lubarsky មានផលិតផលសរុបជិត ៣.០០០មុខ ដែលបានចុះបញ្ជីនៅលើទីផ្សារ Amazon ហើយគាត់លក់ជាមធ្យមពី ១.៥០០ ទៅ ២.០០០ ការបញ្ជាទិញក្នុងមួយថ្ងៃរវាងអាមេរិកនិងអឺរ៉ុប។ កាលពីឆ្នាំមុនអាជីវកម្មនេះបាននាំមកនូវប្រាក់ចំណូលចំនួន ១៨លានដុល្លាររួមទាំងប្រាក់ចំណេញសុទ្ធចំនួន ៤លានដុល្លារ។ Lubarsky និយាយថាគាត់កំពុងសម្លឹងរកមើលប្រាក់ចំណូល ២០លានដុល្លារនៅឆ្នាំបន្ទាប់។

តាមរយៈរឿងរ៉ាវរបស់លោក Lubarsky បានបង្ហាញពីរបៀបនៃការទាញប្រាក់ចំណេញដើម្បីដោះបំណុល និងកម្លាំងចិត្តព្យាយាមធ្វើម្តងហើយម្តងទៀត រហូតពង្រីកខ្លួនក្លាយជាម្ចាស់ក្រុមហ៊ុនរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ ហេតុដូចនេះប្រសិនអ្នកកំពុងជំពាក់បំណុលគេវ័នករ ចូលកុំបាក់ទឹកចិត្ត និងអស់សង្ឃឹមធ្វើអ្វី ឬកុំមានចិត្តចង់គេចវេសឡើយ ព្រោះអ្នកមិនអាចរត់គេចបានរហូតនោះទេ ហើយវានឹងធ្វើឲ្យជីវិតអ្នកកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺ ចាប់ផ្តើមពង្រឹងស្មារតីឡើងវិញ ប្រឈមមុខបូកសរុបទិន្នន័យនិងប្រភពបំណុលឲ្យច្បាស់លាស់ ហ៊ានលើកបញ្ហាដាក់លើតុពិភាក្សាបន្ទាប់មកស្វែងរកដំណោះស្រាយសមស្របនិងប្រឹងប្រែងធ្វើវាឲ្យសម្រេចគោលដៅ។ ជាចុងក្រោយក្នុងនាមខ្ញុំជាអ្នកសរសេរអត្ថបទនេះឡើង ខ្ញុំដឹងថាវាមិនងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំនៅតែជឿជាក់យ៉ាងមុតមាំថា «អ្នកប្រាកដជាអាចធ្វើបាន ហើយធ្វើបានល្អបំផុត»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia