ដីមាសដីពេជ្រ!មកដឹងតំបន់ដីដែលលេចធ្លោជាងគេនៅខេត្តកំពង់ស្ពឺ មួយម៉ែត្រការ៉េជាង១០០$
Bunthoeun KoemDECEMBER 19 20221.2 K views

ខេត្តកំពង់ស្ពឺជាខេត្តដែលនៅគៀករាជធានីភ្នំពេញ ខណៈខេត្តនេះកំពុងតែទាក់ទាញអ្នកវិនិយោគជាច្រើន  ក៏ព្រោះតែស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ទើបធ្វើឱ្យខេត្តនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់មិនថាវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តមានជីវភាពល្អប្រសើរមួយកម្រិតផងដែរ។ ដោយសារដីស្រែប្រែទៅជាដីឧស្សាហកម្ម ទើបធ្វើឱ្យដីមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺលេចធ្លោនិងមានតម្លៃថ្លៃ ជាពិសេសដីនៅតំបន់៤១និង៥១។

ថ្លែងប្រាប់ Business Cambodiaលោក សេន ណាក់ ជា អនុប្រធាន គណៈកម្មាធិការផ្សព្វផ្សាយ ពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លី និង សំណង់ និង ជា ប្រធានទីផ្សារ នៅ ក្រុមហ៊ុន លី សមស័ក្ត រៀល អ៊ីស្ទេត បានបង្ហើបពីតំបន់ដីដែលលេចធ្លោជាគេនៅក្នុងខេត្តកំពង់ស្ពឺ ខណៈដីនៅតំបន់ទាំងនោះមួយម៉ែត្រការរ៉េមានតម្លៃចាប់ពី១០០ដុល្លារឡើងទៅ។

លោក សេន ណាក់ បានឱ្យដឹងថា ជាក់ស្ដែងតំបន់ដីដែលលេចធ្លោជាងគេនៅខេត្តកំពង់ស្ពឺគឺ តំបន់ផ្លូវជាតិ ៤១ និង ៥១ ដែលជាតំបន់ឧស្សាហកម្ម នឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្ម នាថ្ងៃខាងមុខ   តំបន់ផ្លូវជាតិ ៤៤ និង ១០៩ ដែលជាតំបន់កសិទេសចរណ៍ និង ឧស្សាហកម្ម   ហើយនិង តំបន់ក្បែរ ឧទ្យានជាតិគិរីរម្យ ក៏ជាតំបន់កំពុងលេចធ្លោ ផ្នែកអេកូទេសចរណ៍ កំសាន្តបែបធម្មជាតិលោកក៏បានបន្តថាជាទូទៅតម្លៃដីជាមធ្យម នៅក្នុងតំបន់ផ្លូវ ៤១ និង ៥១ គឺមានតម្លៃ ១០០ដុល្លារ ក្នុង១មែត្រការ៉េ ជាប្រភេទដីមិនទាន់អភិវឌ្ឍន៍  ហើយដីដែលបានអភិវឌ្ឍន៍គឺជាប្រភេទដីឡូត៍មានតម្លៃ ២០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ។

ចំពោះតម្លៃដីនៅក្នុងតំបន់ផ្លូវជាតិលេខ៤៤ និង លេខ១០៩វិញ ប្រសិនបើដីនោះមិនទាន់អភិវឌ្ឍន៍នោះទេគឺមានតម្លៃត្រឹមតែ ១០ដុល្លារ ក្នុង១មែត្រការ៉េប៉ុណ្ណោះ។  ប៉ុន្តែបើជាដីអភិវឌ្ឍន៍ហើយ(ដីឡូត៍) គឺមានតម្លៃ ៣០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ។ ចំណែកឯដីនៅក្បែរឧទ្យានជាតិគិរីរម្យ ឯនោះវិញគឺមានតម្លៃ ១៥ដុល្លារ ក្នុង១មែត្រការ៉េជាដីមិនទាន់អភិវឌ្ឍន៍​ហើយ ដីដែលបានអភិវឌ្ឍន៍ទៅជាប្រភេទដីឡូត៍មានតម្លៃ ៤០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ។

អ្នកជំនាញខាងលើបានបញ្ជាក់ថាជាទូទៅដីឡូត៍មានតម្លៃខ្ពស់ជាងតម្លៃដីមិនទាន់អភិវឌ្ឍន៍ ចន្លោះពី ២ដង ទៅ ៣ដង ដោយសារ អ្នកអភិវឌ្ឍន៍គម្រោង ត្រូវទុកដីយ៉ាងហោចណាស់ ៣៥% នៃទំហំដីក្នុងគម្រោងសរុប ដើម្បីធ្វើ ផ្លូវ សួន និង កន្លែងសាធារណៈផ្សេងៗ ។ ហើយម្ចាស់គម្រោងត្រូវចំណាយលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងគម្រោង និង ចំណាយលើការបង់ពន្ធផងដែរ៕

Photo 2022 12 19 10 30 00

Photo 2022 12 15 22 29 35

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia