ឆាប់ៗខាងមុខនេះ ខេត្តកណ្តាលនឹងមានមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាលដ៏ធំមួយលេចចេញជារូបរាងឡើង ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េឈ្មោះ KOICA បាននឹងកំពុងធ្វើការពិភាក្សាជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទៅលើការសាងសង់មន្ទីរពិសោធន៍មួយនេះ។
ថ្លែងនៅក្នុងពិភាក្សាការងារជាមួយក្រុមហ៊ុនកូរ៉េ KOICA ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងធ្វើការសិក្សាពីគម្រោងនេះយ៉ាងល្អិតល្អន់ និងបានស្នើរឱ្យក្រុមហ៊ុន KOICA ធ្វើការសិក្សាឱ្យបានច្បាស់លាស់ទាំងលើសេវាកម្ម ឧបករណ៍/សម្ភារៈ និងធនធានមនុស្សសម្រាប់មន្ទីរពិសោធន៍ជាតិថ្មី ឱ្យមានកម្រិតស្តង់ដាអន្តរជាតិ។
ហើយចំពោះទីតាំងដែលត្រូវបានជ្រើសរើសគឺមានទីតាំងស្ថិតនៅ ឃុំសិត្បូ ខេត្តកណ្ដាល ហើយមូលហេតុដែលក្រុមហ៊ុនសម្រេចជ្រើសរើសយកទីតាំងនេះ ដោយសារតែទីតាំងនេះជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ យ៉ាងណាមិញមន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនងសហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។
យ៉ាងណាមិញ មន្ទីរពិសោធន៍នេះមិនត្រឹមតែជាកន្លែងត្រួតពិនិត្យសុខភាពសត្វតែប៉ុណ្ណោះទេ តែជាកន្លែងត្រួតពិនិត្យអនុវិស័យទាំងអស់ដែលមានទាំង សត្វ ដំណាំ និងជលផល ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល ដោយមិនចង់ឱ្យមានក្រុមការងារផ្សេងៗគ្នាឡើយ ហើយការងារនេះក៏ជាអាទិភាពរបស់ KOICA ផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ ផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាលមកពីចំណីអាហារ ការប្រឡាក់ប្រឡូកមេរោគ និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ នៅក្នុងផលិតផលសត្វ ដែលការងារនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វមានសុវត្ថិភាព និងគោលដៅការនាំចេញផលិតផលសត្វ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង