សម័យកាលបដិវត្តន៍ឧស្សាហកម្ម៤.០ មនុស្សចាប់ផ្ដើមយល់ដឹងពីបច្ចេកវិទ្យា និងឌីជីថលបានច្រើន ខណៈបណ្ដាញសង្គម និងកម្មវិធីល្អៗ ចាប់ផ្ដើមកើតឡើងព្រោងព្រាត។ វីដេអូឯកសារ មេរៀន សៀវភៅ ជំនាញបច្ចេកទេស រាប់មិនអស់ ត្រូវដាក់តម្កល់នៅលើអ៊ីនធើណេត រង់ចាំមនុស្សចូលមើល។ បើទោះបីជាមានកន្លែងរៀនច្រើននៅលើអ៊ីនធើណេតក្ដី ប៉ុន្តែក៏ត្រូវចូលសាលា ឬត្រូវមានគ្រូបង្គោលសម្រាប់បង្ហាញផ្លូវដែរ។
ខុសប្លែកអីតែយុវជនខ្មែរម្នាក់ឈ្មោះ គង់ បូរ៉ារស្មី បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ ដោយសារកត្តាជីវភាព ប៉ុន្តែលោកមិនបានបោះបង់ការព្យាយាមចោលឡើយ។ ក្នុងឆ្នាំ ២០១២ យុវជន រស្មី បានចូលប្រឡូកក្នុងវិស័យទីផ្សារផ្នែកសំណង់ដោយកាលនោះលោកអាចរកប្រាក់ចំណូលបានជិត២ពាន់ដុល្លារនៅក្នុង១ខែ។
ស្របពេលការរកលុយនៅលើយូធូប ក្នុងឆ្នាំ២០១២ កំពុងផុសផុលខ្លាំង លោក គង់ បូរ៉ារស្មី សុខចិត្តបោះចោលប្រាក់ខែជិត២ពាន់ដុល្លារ ស្រវាចូលក្នុងវិស័យរកលុយលើយូធូប ដោយកាលនោះលោកបានឃើញអ្នកពូកែៗ អាចរកចំណូលបាន ២ទៅ៣ពាន់ដុល្លារក្នុងមួយខែ គ្រាន់តែធ្វើវីដេអូបង្ហោះលើយូធូប។ ផ្ដើមចេញពីគ្មានចំណេះដឹង លើការរកលុយពីយូធូបសោះ លោក បូរ៉ារស្មី បានដុតដៃដុតជើងស្រាវជ្រាវរាវរកគ្រប់កន្លៀតនៅលើអ៊ីនធើណេត ដើម្បីយល់ដឹងពីវិធីរកលុយលើយូធូប។
ក្រោយចំណាយពេលសិក្សាស្រាវជ្រាវពីយូធូបដោយមិនពឹងនរណាម្នាក់ ជាលទ្ធផលលោកចេះភ្ជាប់ និងអាចរកលុយពីយូធូបបាន។ ប៉ុន្តែជាអកុសល លោកមិនអាចរកលុយពីយូធូបបានច្រើនដូចគេឡើយ។ ច្រកមួយនេះ ចេញមិនរួច នៅមានច្រកមួយទៀត លោកក៏នឹកឃើញធ្វើ Bloger ដើម្បីរកលុយពី Google AdSense ម្ដង។ លើកនេះក៏ដូចលើកមុន លោកចាប់ផ្ដើមពីការគ្មានចំណេះដឹងជាមួយការធ្វើ Bloger នេះទាល់តែសោះ ប៉ុន្តែលោកមានគ្រូធំមួយជាប់ខ្លួនលោកដែរគឺ YouTube នេះឯង។
មិនមែនជារឿងងាយស្រួលទេដើម្បីបានចំណេះដឹង លោករស្មី បានចំណាយពេលទាំងយប់ទាំងថ្ងៃ ដើម្បីស្រាវស្រាវ រហូតពេលខ្លះលោកមានពេលដេកតែ១ម៉ោងប៉ុណ្ណោះក្នុងមួយយប់។ ចំណាយពេលនៅជាមួយយូធូប និង Google បានធ្វើឱ្យលោកយល់កាន់តែច្បាស់ពី Bloger។ ក្រោយយល់ច្បាស់ លោកក៏បានឡើងជណ្ដើរដ៏លំបាកមួយកាំទៀត គឺការធ្វើវេបសាយនៅលើ WordPress។ សម្រាប់អ្នកដែលធ្លាប់យកដឹងពីវេបសាយ ពួកគេច្បាស់ជាបានយល់បានហើយថា អ្វីទៅជា WordPress ដូច្នេះយើងសុំមិនពន្យល់ចំណុចឱ្យបានក្បោះក្បាយឡើង ដោយគ្រាន់តែបង្ហាញថា វាជាកន្លែងធ្វើវេបសាយមួយដែល ដែលអ្នកមិនសូវចេះកូដក៏អាចធ្វើបាន។
យូធូបបរាជ័យ ប្លុកអាចរកចំណូលបានខ្លះ ឈានមកដល់ WordPress លោករស្មី អាចយល់ពីគ្រឹះរបស់កូដបានគួរសមហើយ លោកក៏បានបន្តដល់ចំណុចសំខាន់នេះ រហូតលោកសម្រេចចិត្តចូលប្រឡូកក្នុងពិភពគុណបង្កើតវេបសាយ និង App ម្ដង។ ជាទូទៅការធ្វើ App ឬវេបសាយនេះ ទាមទារឱ្យយើងយល់ដឹងពីកូដច្រើន ដែលនេះគឺជាហេតុធ្វើឱ្យលោករស្មី ត្រូវយកយូធូប និង Google ធ្វើជាគ្រូទាំងយប់ទាំងថ្លៃម្ដងទៀត។
មិនរៀននៅសាលាឡើយ លោកសុខចិត្តចំណាយពេលលើការរៀនអនឡាញច្រើនជាង។ ស្រាវជ្រាវចុះឡើងៗ លោកបានប្រទះវេបសាយរៀនកូដមួយឈ្មោះ w3schools ដែលជាវេបសាយពេញនិយមខ្លាំង សម្រាប់អ្នកចូលចិត្តរៀនកូដ។ មិនឱ្យពេលវេលា កន្លងហួសឆ្ងាយទេ បន្ទាប់ពីមើលឃើញឱកាសហើយ លោកចាប់ផ្ដើមអនុវត្ដលើការសរសរកូដដូច HTML, CSS, Java, និង php ជាដើម។ ជួបបញ្ហា Error ពេលណា លោកដឹងតែចូលទៅមើលយូធូប ឬ បើកមើលនៅលើគេហទំព័រ W3school ដើម្បីដោះស្រាយបញ្ហា ជារៀងរាល់ពេល។
ទឹកដៃបង្កើតវេបសាយចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ លោករស្មីចាប់ផ្ដើមដាក់រកលុយជាមួយ Google AdSense ដោយពេលពេលនេះ លោកចាប់ផ្ដើមមានចំណូលគួរសមពីការរកលុយនេះ។ ទឹកដៃបង្កើតវេបសាយក៏ឡើង និងយល់ដឹងពីកូដនេះកាន់តែច្រើន លោកក៏ចាប់ផ្ដើមផ្ដោតទៅលើការធ្វើ App បន្ថែមទៀត។ មិនយូរប៉ុន្មាន ការខំប្រឹងរបស់លោកទទួលបានផ្លែផ្កាយ៉ាងខ្លាំង ខណៈមានគេចាប់អារម្មណ៍ ឱ្យលោកធ្វើវេបសាយ និង App ជាបន្តបន្ទាប់។
ចាប់តាំងពីនោះមក រហូតមកទល់បច្ចុប្បន្ននេះ លោកបានទទួលធ្វើគម្រោងវេបសាយអាជីវកម្ម និង App ជាច្រើន ដែលជាហេតុធ្វើឱ្យលោកអាចរកចំណូលបានច្រើនគួរសម។ ទាំងនេះហើយគឺជាការខំប្រឹង មិនអស់សង្ឃឹម និងញញឹមជាមួយបញ្ហាជានិច្ច។ ការស្រាវជ្រាវ នៅលើអ៊ីនធើណេត បានប្រែក្លាយជីវិតលោក ឱ្យទទួលបានជោគជ័យ ពេលនេះលោកមានក្រុមហ៊ុនមួយនៅក្នុងដៃ ថែមទាំងបានបង្កើតបណ្ដាញសង្គមមួយដាក់ឈ្មោះថា Camfect ទៀតផង។
គូសបញ្ជាក់ថាលោក រស្មី មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យព្រំដែនកម្ពុជាថៃ លោកគឺជាកូនកសិករ និងធ្លាប់បានបួសរៀនជាច្រើនឆ្នាំដែរ ចាប់តាំងពីលោកអស់លទ្ធភាពបន្តការសិក្សាត្រឹមថ្នាក់ទី៦មក តែលោកមិនបានបោះបង់ការខំប្រឹងឡើយ។