ចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងបំពេញការងារនៅប្រទេសកូរ៉េលែងពិបាកជិះមកខ្មែរ ដើម្បីធ្វើលិខិតឆ្លងដែនទៀតហើយ ដោយពេលនេះរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រួលឱ្យប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅនិងបម្រើការងារនៅកូរ៉េ សុទ្ធតែអាចធ្វើលិខិតឆ្លងដែននៅកូរ៉េបានទាំងអស់។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ។
ចំពោះការធ្វើលិខិតឆ្លងដែននេះផងដែរ តម្រូវឱ្យប្រជាពលរដ្ឋនិងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េត្រូវភ្ជាប់ជាមួយឯកសារដូចខាងក្រោម ៖
ក. ករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង
- លិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីសញ្ញាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។
ខ. ករណីទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ
- ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារបន្ថែមដូចជា ៖ លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឳពុក ឬម្តាយ ឬអាណាព្យាបាល និង សំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។
សម្រាប់ទីតាំងធ្វើលិខិតឆ្លងដែនធម្មតានេះគឺនៅ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាស័យដ្ឋាននៅ Hws-55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041 ។ ពេលវេលានៃការផ្ដល់សេវា៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ - ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ - ១៧:០០ និងរយៈពេលផ្តល់៖ លិខិតឆ្លងដែននឹងត្រូវផ្ដល់ជូនក្នុងរយៈពេល៤-៥សប្តាហ៍ គិតចាប់ពីថ្ងៃស្នើសុំ៕