អ្នកស្រី ប៊ុន ចាន់និមល ផលិតករខ្មែរដ៏ល្បីឈ្មោះ ជាស្ថាបនិកនិងជាអគ្គនាយិកា នៃក្រុមហ៊ុនផលិតភាពយន្ត Sastra Flim បានបញ្ជាក់នៅក្នុងវីដេអូលើគេហទំព័រផ្ទាល់ខ្លួនថា ខ្សែភាពយន្តរឿង "ម៉ែក្រឡាភ្លើង-The Dark Mother" របស់ផលិតកម្មសាស្រ្តាហ្វៀម ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពេលចាក់បញ្ចាំងនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវ។
បន្ថែមពីនេះសូម្បីតែខ្សែភាពយន្តចំណងជើងផ្សេងៗទៀតរបស់ សាស្រ្តាហ្វៀម ក៏ទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសទាំងនេះផងដែរ ជាពិសេស ប្រទេសហ្វីលីពីន។
អ្នកស្រីក៏បានបង្ហើបថា នាពេលបច្ចុប្បន្ននេះខ្សែភាពយន្តខ្មែរ រឿងម៉ែក្រឡាភ្លើងកំពុងទទួលបានការចរចារដាក់ទុនយកទៅចាក់បញ្ចំាង នៅក្នុងប្រទេសផ្សេងៗជាច្រើនទៀត ដោយមានកិច្ចសន្យាបង់លុយមុន ដែលធ្វើឱ្យផលិតកម្មសាស្រ្តានឹងមិនបារម្ភអំពីហានិភ័យនិងការខាតបង់ឡើយ។
សម្រាប់សញ្ញាល្អនៃការដាក់ទុនលើ ភាពយន្តខ្មែរពីសំណាក់រោងកុនអន្តរជាតិនៅប្រទេសផ្សេងៗ ដែលអ្នកស្រីមិនទាន់បានបញ្ចេញឈ្មោះនេះ គឺបណ្តាលមកភាពយន្តខ្មែរត្រូវបានទទួលស្គាល់ស្តង់ដារគុណភាព ទាំងសាច់រឿង ទាំងរូបភាព ទាំងប្លង់ថត ដូចដែលគេត្រូវការហើយ។
ជាចុងក្រោយ អ្នកស្រី ប៊ុន ចាន់និមល បានអំពាវនាវនឹងលើកទឹកចិត្តដល់បណ្តាអ្នកគាំទ្រភាពយន្តខ្មែរទាំងអស់ រួមគ្នាធ្វើយ៉ាងណាឱ្យភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក ដោយមិនមែនដើម្បីបំបាក់នរណានោះឡើយ គឺដើម្បីផ្សព្វផ្សាយឱ្យគេស្គាល់ពីប្រទេសយើង ហើយប្រទេសទាំងអស់ក្នុងពិភពលោកទទួលស្គាល់វប្បធម៌គ្នាទៅវិញទៅមក ទស្សនាភាពយន្តគ្នាទៅវិញទៅមក ទុកជាការកម្សាន្ត។
ទន្ទឹមនឹងនេះបើតាមប្រភពពីវេបសាយរបស់ Sastra Flim បានផ្សាយថាប្រទេសឥណ្ឌូនេស៊ីក៏បានទទួលសិទ្ធិចាក់បញ្ចាំង និងទិញសិទ្ធិក្នុងការផលិតខ្សែភាពយន្តម៉ែក្រឡាភ្លើងឡើងវិញ ដើម្បីបង្ហាញភាពយន្តខ្មែរទៅកាន់ទស្សនិកជនឱ្យកាន់តែទូលំទូលាយជាងមុន ខណៈនេះគឺជាជំហានវិជ្ជមាន ក្នុងឧស្សាហកម្មភាពយន្តខ្មែរ និងការលើកកម្ពស់ក្នុងការផ្លាស់ប្តូរវប្បធម៌ផងដែរ។
គួររំលឹកផងដែរថាខ្សែភាពយន្តខ្មែររឿង “ម៉ែក្រឡាភ្លើង” បានចាក់បញ្ចាំងនៅក្នុងប្រទេស ម៉ាឡេស៊ី ឡាវ និងថៃចាប់ពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤៕
អត្ថបទដោយ៖ ពីង ជូអេង