khaby Lame សេដ្ឋីវ័យ២២ឆ្នាំ ដើមកំណើតសេណេហ្គាល់ ដែលត្រូវបានគេស្គាល់ថាគឺផ្តើមចេញពីកម្មករោងចក្រត្រូវគេបញ្ឈប់ពីការងារ ក្នុងកំឡុងពេលវិបត្តិសកលកូវីដ១៩។ យោងតាមកិច្ចសម្ភាសន៍ជាមួយកាសែត New York Time កំពូលតារាដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Tiktok រូបនេះបានបង្ហើបធាតុផ្សំ៤ដែលនាំឱ្យខ្លួនជោគជ័យក្លាយជាសេដ្ឋីទាំងវ័យក្មេង។
១. សាមញ្ញជាធាតុផ្សំខ្វះមិនបាន
ព្យាយាមធ្វើជាខ្លួនឯង រក្សាភាពសាមញ្ញ ការអនុវត្តធ្វើឱ្យល្អឥតខ្ចោះមិនបានជួយអ្វីច្រើននោះទេ។ លេងសើចជាមួយជាអ្នកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យដូចជីវិតពិតៗ។ Khaby បាននិយាយថា “ខ្ញុំគិតថាវាទាក់ចិត្តមនុស្សជាខ្លាំង អារម្មណ៍ដែលមើលទៅមិនព្យាយាមខ្លាំងពេក ជាអ្វីដែលមានអារម្មណ៍ថាពិត»។
២.អំណាចនៃទំនុកចិត្ត
ពេលដែលចាប់ផ្តើមបង្ហោះវីដេអូនៅលើ Tik Tok មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលបានមើលរូបលោក ឪពុករបស់គាត់ និងអ្នកជិតខាងរបស់គាត់។ នៅពេលដែលយើងជឿជាក់និងមានទំនុកចិត្តលើសមត្ថភាពរបស់យើងនោះ វានឹងធ្វើឱ្យចំណង់ចំណូលចិត្តយើងដំណើរការដោយជោគជ័យ។ ការមានទំនុកចិត្តលើខ្លួនឯងជាធាតុផ្សំដែលខ្វះមិនបានទោះរូបរាងខាងក្រៅមានភាពខុសពីគេយ៉ាងណាក្តី។
៣.ចាប់ផ្តើមពីអ្វីដែលខ្លួនមាន
នៅពេលដែលគាត់ចាប់ផ្តើមដំបូងក្នុងនាមជាអ្នកលេង Tiktok មួយរូបគាត់មានត្រឹមទូរស័ព្ទចាស់មួយប៉ុណ្ណោះ។ ក្នុងនាមបុរសចំណាកស្រុកមកប្រទេសអ៊ីតាលីដើម្បីស្វែងរកជីវិតដែលល្អប្រសើរមួយ។ប៉ុន្តែភាពច្នៃប្រឌិត និងភាពប៉ិនប្រសព្វ បានដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រេចភាពជោគជ័យរបស់គាត់។ ទោះបីជាពេលនោះការចាប់ផ្តើមរបស់លោកមិនមានកាមេរ៉ាទំនើបឬសម្ភារៈថ្លៃៗ ប៉ុន្តែទេពកោសល្យគឺជាអ្នកជំរុញលោកទៅរកភាពជោគជ័យ។
៤.មនុស្សក្រោយខ្នង
នៅពីក្រោយភាពជោគជ័យរបស់ Khaby Lame គឺមានលោក Riggio Alessandro ដែលជា Influencer មួយរូបដែលបានទទួលស្គាល់ភាពខ្លាំងរបស់ Khaby ដើម្បីក្លាយជាតារារះទោះបីជាគាត់មានអ្នកតាមដានត្រឹមតែ ១០០០ នាក់នៅពេលពួកគេស្គាល់គ្នាដំបូងក៏ដោយ។ ពិតណាស់ការដែលមានមនុស្សម្នាក់នៅក្រោយខ្នងចាំជួយលើកទឹកចិត្ត ជំរុញការគាំទ្រគឺជាកត្តាមួយដ៏មានឥទ្ធិពលក្នុងសម្រេចកិច្ចការនានា ដែលសូម្បីតែអ្នកវិទ្យាសាស្រ្តក៏យល់ស្របផងដែរ។
គួរជម្រាបផងដែរសព្វថ្ងៃនេះ Khaby Lame មានអ្នកតាមដាន ៧៨.៨ លាននាក់នៅលើ Instagram និង១៤៨.៩លាននាក់តាមដាននៅលើ Tik Tok របស់ លោកដោយសារគាត់អាចបង្ហាញពីការដោះស្រាយបញ្ហាប្លែកៗ ទៅកាន់អ្នកតាមដាន ដោយមិនបាននិយាយអ្វីមួយម៉ាត់សោះ ប៉ុន្តែអាចធ្វើឱ្យមនុស្សយល់ជាសកល។ ជាមួយនឹងអ្នកតាមដានរាប់លាននាក់បែបនេះបានធ្វើឱ្យរូបលោកដណ្តើមតំណែងជាតារាឯកលេខ១លើតិកតុកបានយ៉ាងជោគជ័យកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះបើយោងតាមការចុះផ្សាយរបស់ The Verge ៕
អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ )