កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្ដន៍ (NIEI) និងសហគ្រិនខ្មែរ (KE) បានរៀបចំ សន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខាគាំទ្រគម្រោងស្ដីពីកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ និងកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ ដែលប្រព្រឹត្ដិទៅនៅទីស្នាក់ការសហគ្រិនខ្មែរ ក្រោមអធិបទីភាពរបស់ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ និងឯកឧត្ដមបណ្ឌិត តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ដន៍។
ក្នុងភាពជាដៃគូ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ដន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើតឲ្យមានកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិអស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ និងបានបង្ដពង្រីកភាបជាដៃគូ បន្ថែមលើកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដល់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី១ ចំនួន ១០០ សហគ្រាស និងដំណាក់កាលទី២ ចំនួន ១០០ សហគ្រាសបន្ថែមទៀត ក្នុងគោលដំណងលើកកម្ពស់វិស័យសហគ្រិនភាព និងពង្រឹងប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាតាមរយៈយន្ដការ ទី១៖ លើកកម្ពស់លើការយល់ដឹងជាសាធារណៈអំពីសហគ្រិនភាព ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ទី២៖ ពង្រឹងសមត្ថភាពម្ចាស់សហគ្រាសធុនតូច និងមធ្យម និងការកសាងបណ្ដាញដើម្បីផ្សារភ្ជាប់និងពង្រឹងអេកូសហគ្រិនភាពថ្នាក់ខេត្ដនិងជាតិ និងទី៣៖ ជំរុញការចូលរួមពីសំណាក់សហគ្រាសធុនតូចនិងមធ្យមលើការអភិវឌ្ឍសមត្ថភាពជំនាញ និងគុណភាពនៃសេវាកម្មនិងផលិតផលដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងតំបន់នាពេលអនាគត។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរមានប្រសាសន៍ថា៖ កិច្ចសហការនេះបានដើរស្របទៅនឹងបេសកម្មរបស់សហគ្រិនខ្មែរទៅលើសកម្មភាពស្នូលចំនួន ២ គឺ ទី១៖ ការបំផុស និងផ្សព្វផ្សាយវប្បធម៌សហគ្រិនភាពទៅដល់អ្នកដែលមានបំណងចង់ក្លាយជាសហគ្រិននៅតាមបណ្ដារាជធានីខេត្ដ និងទី២៖ ការបង្កើតសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិនក្នុងស្រុកឲ្យកាន់តែបូកែកម្រិតថ្នាក់ជាតិ និងអាចឈានទៅដល់ការប្រកួតប្រជែងកម្រិតថ្នាក់តំបន់ និងអន្ដរជាតិ។ សហគ្រិនខ្មែរមានយុទ្ធសាស្ដ្រពង្រីកវិសាលភាពប្រតិបត្ដិការទូទាំងប្រទេសតាមរយៈការសហការជាមួយដៃគូទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើការរួមគ្នាទៅលើការអនុវត្ដសកម្មភាព និងការគៀងគរថវិកាមកពីប្រភពស្របច្បាប់ផ្សេងៗដែលជាប្រយោជន៍សម្រាប់សហគ្រិនផ្ទាល់ និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
យោងតាមរបាយការណ៍នៃកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិរយៈពេល ៣ ឆ្នាំកន្លងមក មានសហគ្រិនប្រមាណជាង ៦៥២ សហគ្រាសបានដាក់ពាក្យចូលរួមយ៉ាងសកម្ម និងគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ដន៍ និងគាំទ្រថវិកាដោយសហគ្រិនខ្មែរ។ លើសពីនេះ តាមរយៈរបាយការណ៍នៃកម្មវិធីបណ្ដុះបណ្ដាលការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្ដន៍ដោយមានការគាំទ្រពីសហគ្រិនខ្មែរបានបណ្ដុះបណ្ដាលសហគ្រិនចំនួន ១០១នាក់ និងបានផ្ដល់គ្រូបង្វិកដល់ម្ចាស់សហគ្រាសចំនួន ៣០ សហគ្រាស ដើម្បីបន្ដគាំទ្រនិងអភិវឌ្ឍម្ចាស់សហគ្រាសរយៈពេល ៥ ខែបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាព តាមរយៈការគាំទរទាំងហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូ និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្ដសាល និងផលិតកម្មឲ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ដន៍ និងសហគ្រិនខ្មែរមានការប្ដេជ្ញាចិត្ដរួមគ្នា ក្នុងការកសាងសហគមន៍សហគ្រិនភាប និងពង្រឹងប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនាពេលអនាគត និងពង្រឹងតួនាទីរបស់ស្ថាប័នសាធារណៈលើការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដើម្បីនិរន្ដរភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា៕