ធនាគារកសិកនថៃ ផ្ដើមពីទុន៥លាន$ រកស៊ីល្បី ត៣ជំនាន់ កើនទ្រព្យ ១០៣ពាន់លានដុល្លារ
SOKLY SOFEBRUARY 24 2023633 views

ធនាគារកសិកន របស់ថៃ (KasikornBank) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៥ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ៥លានដុល្លារ ល្បីតគ្នាដល់ទៅ៣ជំនាន់ រហូតបង្កើតបានទ្រព្យសកម្មជាង ១០៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ Forbes។

ធនាគារកសិកននេះត្រូវបានបង្កើតឡើងដោយ លោក Choti Lamsam លុះមកដល់បច្ចុប្បន្នត្រូវបានបន្តគ្រប់គ្រងដោយ លោក Banthoon Lamsam វ័យ៧០ឆ្នាំ ដែលជាក្រុមប្រឹក្សាភិបាល របស់ធនាគារផ្ទាល់តែម្ដង។ ខាងក្រោមនេះជាហេតុផលពិសេសៗមួយចំនួន ដែលនាំឱ្យធនាគារ កសិកនរបស់ថៃមួយនេះ ទទួលបានទំនុកចិត្តពីអតិថិជន ព្រមទាំងល្បីតគ្នារហូតដល់ទៅ៣ជំនាន់៖

១. មានគោលដៅច្បាស់

តាំងពីបើកដំបូងមក ធនាគារនេះបានដាក់គោលដៅអភិវឌ្ឍស្ថាប័នរបស់ខ្លួនថាត្រូវផ្ដល់ជូននូវ គំនិតផ្ដួចផ្ដើមបង្កើតផលិផលហិរញ្ញវត្ថុថ្មីៗ ធ្វើខ្លួនជាស្ថាប័នដែលមានសេវាកម្មល្អបំផុត ដោយដើរតាមពាក្យស្លោករួមមួយថា “ឆ្ពោះទៅរកឧត្តមភាពសេវាកម្ម”

២. បំពេញរាល់តម្រូវការដែលខ្វះខាត

ដោយសារតែធនាគារបានបង្កើតតាំងពីចុងសង្រ្គាមលោកលើកទី២ ទើបធនាគារនេះមានសេវាកម្មកម្ចី ក៏ដូចជាសេវាកម្មផ្សេងៗតម្រូវតាមការចង់បានរបស់កសិករ ព្រោះថាពេលទើបចប់សង្គ្រាម វិស័យកសិកម្ម គឺជាវិស័យដែលគួរតែត្រូវប្រញាប់ស្រោចស្រង់បំផុត។ ក្រោយមកពេលស្ថានភាពសេដ្ឋកិច្ចដំណើរការមកជាល្អ ធនាគារនេះក៏បង្កើតផលិតផលថ្មីៗផ្សេងទៀតដែលបំពេញទាំងតម្រូវការកសិកម្ម ព្រមទាំងការធ្វើអាជីវកម្មរបស់ប្រជាជនថៃ។

៣. បញ្ជ្រាបខ្លួនចូលដល់ប្រជាជនគ្រប់តំបន់

ធនាគារនេះបានបង្កើតផលិតផល សេវាកម្ម គ្រប់ទម្រង់ ដើម្បីជួយសម្រួលដល់អតិថិជនគ្រប់តំបន់ទាំងអស់។ មិនថាកសិករ កម្មករ បុគ្គលិកមានប្រាក់ខែ មន្ត្រីរាជការ ម្ចាស់អាជីវកម្មតូចធំ សុទ្ធតែអាចប្រើប្រាស់សេវាកម្មរបស់ធនាគារ កសិកន។ អ្វីដែលសំខាន់គឺការពង្រាយសាខានៅតាម ខេត្ត តាមតំបន់ផ្សេងៗ ដល់ទៅជាង ១៨៦សាខា នាំឱ្យពួកគេចូលកាន់តែកៀកនឹងប្រជាជនថែមទៀត។

៤. ចេះសម្របខ្លួន

ធនាគារនេះ ពូកែសម្របខ្លួនណាស់ ទោះបីជាសេដ្ឋកិច្ចកំពុងពិបាកដោយសារតែឥទ្ធិពលសង្រ្គាមក៏ពួកគេនៅតែឈរជើងបានយ៉ាងមាំដែរ។ គំនិតផ្ដួចផ្ដើមដែលផ្ដោតសំខាន់លើវិស័យកសិកម្ម បានធ្វើឱ្យធនាគារ កសិកន អាចដំណើរការបាននៅអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ទោះបីស្ថាប័នហិរញ្ញវត្ថុផ្សេងៗជួបបញ្ហា តែធនាគារ កិសិកន នៅតែអាចបង្វិលសាច់ប្រាក់បានធម្មតា។

៥. រក្សាគុណតម្លៃរបស់ខ្លួនជានិច្ច

តាំងពីដើមមកដល់បច្ចុប្បន្ន មានរយៈពេលប្រមាណ ៧៨ឆ្នាំ ធនាគារ កសិកន មិនប្ដូរតម្លៃស្នូលរបស់ខ្លួនឡើយ។ ពួកគេនៅតែឈរលើគោលការណ៍រួម “ឆ្ពោះទៅរកឧត្តមភាពសេវាកម្ម” ដែលបង្ហាញពីស្មារតី និងផ្នត់គំនិតរួមមួយ ដើម្បីបម្រើដល់អតិថិជនគ្រប់កម្រិត។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ ធនាគារ Kasikorn Bank គឺជាកម្មសិទ្ធិរបស់គ្រួសារលោក លោក Banthoon Lamsam មានទ្រព្យសកម្មដល់ទៅ ១០៣ពាន់លានដុល្លារ មាន១៨៦សាខា និងមានប្រជាជនទុកចិត្តច្រើនបំផុត ព្រមទាំងជាប់ចំណាត់ថ្នាក់ជាធនាគារធំជាងគេលំដាប់ទី២ នៅស្រុកថៃ៕

ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia