កាលពីថ្មីៗនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងឆ្នេរសមុទ្រកម្ពុជា ដូច្នេះអាជ្ញាធរខេត្តនឹងជ្រើសយកការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាចំបង។
ដូច្នេះហើយ ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ហើយដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុងកំពត ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិកាមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ហើយនាឡិកានេះត្រូវបានសាងសង់តាមរចនាបទខ្មែរសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅតាមដងព្រែកកំពង់បាយ មុខសាលាខេត្តឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ដោយនាឡិកានេះគ្រោងសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ខាងមុខ ក្នុងចន្លោះខែតុលា-វិច្ឆិកា ឆ្នាំ២០២៤។
ស្របពេលជាមួយនឹងការសាងសង់នាឡិកានេះដែរ អាជ្ញាធរខេត្តកំពតក៏កំពុងរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីឱ្យខេត្តមួយនេះមានឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរមកលេងកម្សាន្តដូចខេត្ត៣ផ្សេងទៀត។
ចំណុចគួរឱ្យកត់សម្គាល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរំពឹងថា ក្រោយពីសាងសង់នាឡិកា និងស្ថាបនាឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តរួចហើយ កំណើនសេដ្ឋកិច្ចក្នុងខេត្ត ពិសេសចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងតាមរយៈវិស័យទេសចរណ៍៕