ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា
Bunthoeun KoemFEBRUARY 28 202533 views

ក្រុមហ៊ុនសាជីវកម្មធនធានទឹក (K-water) របស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការវិនិយោគរបស់នៅក្នុងប្រទេសកម្ពុជា លើវិស័យធនធានទឹក។ ដោយគម្រោងវិនិយោគនេះត្រូវបានលើកឡើងនៅក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

 

481240736 636056675893504 9037671893282467455 N

 

ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុននៅក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។

 

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ ទាំងនៅរដូវវស្សា និងនៅរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្ម បន្តធ្វើការ និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia