ធ្លាប់ជាក្មេងម្នាក់ ដែលស្រលាញ់តន្ត្រី ដោយចាប់ផ្ដើមពីការយកហ្គីតាធ្វើមិត្ត ដើរច្រៀងតាមដងផ្លូវនានា រហូតក្លាយជាកំពូលតារាចម្រៀងលំដាប់ពិភពលោក ដែលមានអ្នកចុចស្ដាប់ចម្រៀងលោករាប់ពាន់លានដង បានជួយឱ្យ កំពូលតារាចម្រៀងវ័យក្មេង Justin Bieber ក្លាយជាសេដ្ឋីវ័យក្មេងទ្រព្យខ្ទង់ ៣០០លានដុល្លារ។
ប៉ុន្តែទោះបីជាសល់ទ្រព្យរាប់រយលានដុល្លារ ប៉ុន្តែជីវិតរបស់ កំពូលតារាចម្រៀងវ័យក្មេង Justin Bieber ហាក់ដូចជាមិនសូវមានក្ដីសុខទាល់តែសោះ រហូតមានប្រភពខ្លះបង្ហើបថា លោកមានជំងឺបាក់ទឹកចិត្ត គួរឱ្យបារម្ភផងដែរ ដែលបណ្ដាលមកពីកត្តាជាច្រើន។
បើក្រឡែកមើលឆាណែលយូធូបផ្លូវការរបស់លោក ដែលមានអ្នកចុចតាមដានជាង ៧១លាននាក់ បានផ្អាកសកម្មភាពផុសអំពីចម្រៀងថ្មីៗ ០៦ខែមកហើយ។ ដោយឡែកកាលពីខែ មករា កន្លងទៅ លោកបានលក់សិទ្ធចម្រៀង ២៩១បទរបស់លោក ក្នុងតម្លៃ ២០០លានដុល្លារ ដែលវាហាក់ជាសញ្ញាអវិជ្ជមានមួយ បង្ហាញពីចំណាប់អារម្មណ៍របស់លោកក្នុងវិស័យតន្ត្រីហាក់ថយចុះលែងដូចមុន។
ដោយឡែក Justin Bieber បានសម្រាកពីតន្ត្រីនៅឆ្នាំ ២០១៩ ដោយសារហេតុផលមួយចំនួន ហើយក៏ត្រឡប់មកវិញបានមួយរយៈ ហើយក៏ចាប់ផ្ដើមដកឃ្លាពីតន្ត្រីម្ដងទៀតដោយសារតែកត្តាធំៗមួយចំនួនដូចជា៖
១. បាត់បង់ចំណង់ចំណូលចិត្តលើតន្ត្រី៖ លោកបានធ្វើដំណើរកម្សាន្តស្ទើរតែពេញមួយជីវិតរបស់គាត់ដោយការប្រគុំតន្ត្រី ហើយមកទល់ពេលនេះលោកក៏មានអារម្មណ៍ថាអស់កម្លាំងជាមួយវា។ គាត់ហត់នឿយ ហើយមិនរីករាយនឹងការងាររបស់គាត់តទៀតទេ។
២. បញ្ហាសុខភាពផ្លូវចិត្ត៖ កន្លងមកលោកធ្លាប់មានបញ្ហាផ្លូវចិត្តតាំងតែពីមុនពេលលោករៀបការមកម៉្លេះ ហើយមកទល់នឹងពេលនេះ បើទោះបីជារៀបការហើយស្ថានភាពផ្លូវចិត្តលោកប្រសើរឡើងបន្តិច ប៉ុន្តែលោកក៏កំពុងបន្តដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តផងដែរ រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ គាត់មានអារម្មណ៍ថាគាត់ត្រូវការសម្រាកដើម្បីផ្តោតលើសុខភាពផ្លូវចិត្តឱ្យប្រសើរឡើង។
នាពេលកន្លងមក ដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឱ្យលោកសម្រេចចិត្តផ្អាកកម្មវិធីទេសចរណ៍តន្ត្រី បញ្ហាកើតជំងឺខ្វិនមុខ បានធ្វើឱ្យប៉ះពាល់មួយផ្នែកធំដល់ការងាររបស់លោក។
៣. បញ្ហារៀបចំគ្រួសារ៖ បន្ថែមពីបញ្ហាខាងលើ លោកក៏កំពុងជួបប្រទះបញ្ហាផ្ទាល់ខ្លួនមួយចំនួន ក្រោយពេលរៀបការហើយ ដូចជាពួកគាត់ទាំង២ចង់មានកូន ចង់ក្លាយជាឪពុកម្ដាយ ប៉ុន្តែមកទល់នឹងពេលនេះ គូស្នេហ៍១គូនេះនៅមិនទាន់សម្រេចបំណងនៅឡើយទេ។ គាត់មានអារម្មណ៍ថាគាត់ត្រូវការសម្រាកដើម្បីផ្តោតលើគ្រួសារ និងជីវិតផ្ទាល់ខ្លួនរបស់គាត់។
គួរបញ្ជាក់ថា បើទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់ៗពីលោកក៏ដោយ ប៉ុន្តែបញ្ហាធំៗទាំង៣ខាងលើ អាចជាដើមចមមួយជំរុញឱ្យលោកសម្រាករយៈពេលយូរ ឬអាចឈានចូលដល់ការចូលនិវត្តន៍ពីតន្ត្រីផងដែរ អាស្រ័យហេតុនេះយើងមានតែប្រើពេលវេលារង់ចាំមើល ហើយសង្ឃឹមថាលោកនឹងត្រឡប់មកកាន់ពិភពតន្ត្រី និងធ្វើអ្វីដែលខ្លួនស្រលាញ់ខ្លាំងដូចមុន៕