សមាគមន៍ The Business Roundtable ដែលជាក្រុមនៃនាយកប្រតិបត្តិកំពូលៗឈានមុខគេរបស់អាម៉េរិក បានបើកភ្លើងក្រហមព្រមានថា អាម៉េរិកអាចនឹងជួបវិបត្តិធ្ងន់ធ្ងរ ឬខូតខឿនសេដ្ឋកិច្ច ក្រោយប្រធានាធិបតី Donald Trump ប្រកាសដាក់ផែនការពន្ធគយថ្មី។ នេះបើយោងតាមការឲ្យដឹងពី Barrons នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។
លោក Joshua Bolten នាយកប្រតិបត្តិនៃ The Business Roundtable និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងសេតវិមាន បានលើកឡើងថា៖ «ពន្ធសកលចាប់ពី ១០%-៥០% ជាហានិភ័យនៃការបង្កឲ្យមានគ្រោះថ្នាក់ធំដល់ក្រុមហ៊ុនផលិតកម្ម កម្មករ គ្រួសារ និងអ្នកនាំចេញរបស់អាម៉េរិក»។
លោក Joshua Bolten បានសង្កត់ធ្ងន់ថា ការខូចខាតដល់សេដ្ឋកិច្ចអាមេរិក នឹងកើនឡើងបន្ថែមទៀត ហើយនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើការប្តឹងផ្តល់ពន្ធនៅតែបន្ត និងវិធានការប្រឆាំងពីបណ្តាប្រទេសដែលត្រូវបានអាម៉េរិករឹតបន្ទឹងពន្ធ ដែលអាចធ្វើអោយផលប៉ះពាល់នេះកាន់តែធ្ងន់ធ្ងរឡើង។
ក្នុងនោះ ប្រធានសេដ្ឋវិទូ Apollo លោក Torsten Sløk កាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា សកម្មភាពទីផ្សារមូលធនបានចាប់ផ្តើមថយចុះ ជាមួយនឹងការថយចុះនៃការចេញប្រាក់កម្ចី សកម្មភាព IPO និងសកម្មភាព M&A ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយបានចាប់ផ្តើមកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។
គួរជម្រាបថា កាលពីថ្ងៃពុធ លោកប្រធានាធិបតី Donald Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្មសកលបន្ថែមទៀត ជាមួយនឹងការដាក់ចេញពន្ធគយរហូតដល់ទៅ ១០% ខណៈប្រទេសខ្លះឡើងជិត ៥០% ឯណោះលើការនាំចូលទាំងអស់ រួមជាមួយនឹងការយកពន្ធបន្ថែមលើដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook