វេបសាយ Wikipedia ជាវេបសាយធំជាងគេលំដាប់ទី៦លើពិភពលោក មានអត្ថបទ៣០០ជាងភាសា ដែលអ្នកប្រើប្រាស់អ៊ីនធើណេតភាគច្រើនប្រាកដជាបានប្រើជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាស្វែងរកចំណេះដឹងទូទៅច្រើនរាប់មិនអស់។ ដូច្នេះយើងសូមលើកយកនូវហេតុផល ដែលធ្វើឱ្យលោក Jimmy Wales ស្ថាបនិកវេបសាយ Wikipedia នេះដាក់ឱ្យមនុស្សទូទាំងពិភពលោកប្រើដោយឥតគិតថ្លៃសូម្បី១សេន ឬ១ដុល្លារ។
លោក Jimmy Wales ផ្តើមពីក្មេងប្រុសចូលចិត្តអានសៀវភៅ ម្តាយរបស់លោកបានទិញសៀវភៅជាច្រើនឱ្យលោកអានរាប់មិនអស់បានធ្វើឱ្យលោកស្រឡាញ់ការអប់រំបំផុត។ លោកជាមនុស្សចូលចិត្តរៀនដោយខ្លួនឯង ស្រាវជ្រាវចំណេះដឹងដោយគ្មានសាលា។ ២០ឆ្នាំក្រោយមក ធ្វើឱ្យលោកដឹងថាព័ត៌មានក្នុងសៀវភៅជាច្រើននៅមានខ្វះចន្លោះ ហើយព័ត៌មានខ្លះហួសសម័យនិង នៅមិនទាន់ប្រើប្រាស់បាន១០០% នោះដែរ។
ដូច្នេះហើយនៅបុរសជនជាតិអង់គ្លេស-អាមេរិករូបនេះ និងសហស្ថាបនិកមួយរូបទៀតគឺលោក Larry Sanger បានសម្រេចចិត្តបង្កើតវេបសាយនេះឡើង ខណៈពេលដែលសម័យបច្ចេកវិទ្យាចូលមកដល់ ដើម្បីឱ្យព័ត៌មានជាច្រើនធ្វើបច្ចុប្បន្នភាពនិងអនុញ្ញាតឱ្យមនុស្សជាច្រើនចូលទៅសរសេរកែនិងផ្លាស់ប្តូរព័ត៌មានថ្មីៗជារៀងរាល់ឆ្នាំ ថែមទាំងអាចសម្រួលការងារដល់មនុស្សជាច្រើនដែលមានអាជីព និងរកប្រាក់ចំណូលនៅលើអ៊ីនធើណេតបានថែមទៀត។
សហគ្រិនវ័យ៥៧ឆ្នាំរូបនេះបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំអាចក្លាយជាមហាសេដ្ឋីបាន ប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សសាមញ្ញ ហើយអាចជួយមនុស្សជាច្រើន ការដាក់កម្មវិធីនេះឱ្យប្រើប្រាស់ជាសាធារណៈ គឺជាការសម្រេចចិត្តដែលមានអត្ថន័យបំផុតក្នុងជីវិត ខ្ញុំអាចរកឃើញថាខ្ញុំរស់នៅដើម្បីការអប់រំនិងមានក្តីស្រឡាញ់ជ្រាលជ្រៅលើវា ជាជាងពេលខ្ញុំស្វែងរកលុយតែ១មុខគត់។ ម្យ៉ាងវិញទៀតបើខ្ញុំប្រើវេបសាយនេះដើម្បីរកប្រាក់ចំណេញនោះនឹងមានក្មេងៗជាច្រើននៅតំបន់ក្រីក្រមួយចំនួននឹងមិនមានលទ្ធភាពបង់លុយ ដើម្បីទទួលចំណេះដឹងពីវេបសាយមួយនេះឡើយ”។
គួរបញ្ជាក់ផងដែរថា វេបសាយ Wikipedia បានបង្កើតឡើងនៅឆ្នាំ២០០១ គឺស្ថាប័នដែលមិនស្វែងរកប្រាក់ចំណេញ ហើយស្ថាប័ននេះអាចដំណើរការទៅបានដោយសារការបរិច្ឆោគរបស់អ្នកប្រើប្រាស់ និងសប្បុរសជន ដោយនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះមានបុគ្គលិកជិត៧០០នាក់ ជាទូទៅបុគ្គលិកត្រូវបានផ្តល់ប្រាក់ឈ្នួលជាម៉ោង ឬជាប្រាក់ប្រចាំខែ៕
អត្ថបទដោយ៖ ពីង ជូអេង