ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនាំគ្នាចាប់អារម្មណ៍ខ្លាំងលើតួឯកស្រី ចាង ស៊ឺ ឈិក នៅក្នុងរឿងភាគចិន រហូតដល់មានអ្នកទស្សនាខ្លះប៉ងចង់បានជីវិតដូចនាងថែមទៀតផង។ រឿងនឹកស្មានមិនដល់ ត្រឹមរយៈពេលជាង២ឆ្នាំ នាងបានកសាងកេរ្តិ៍ឈ្មោះល្បីកក្រើកវិស័យអ៊ីធរណេត ទាញអ្នកតាមដានបានរាប់លាននាក់ តាមរយៈស្នៀតធំៗ៣ ខាងក្រោមនេះ៖
១/. ប្រើទេពកោសល្យពីកំណើត៖ ចរិតលក្ខណតួអង្គ ចាង ស៊ឺ ឈិក ពូកែក្រម៉ិចក្រមើម ពិនខាងវោហារ ក្នុងរឿងបែបណា ចរិតខាងក្រៅរបស់នាងក៏មិនខុសគ្នាប៉ុន្មានដែរ។ ដោយសារតែចរិតធម្មជាតិបែបនេះហើយ ទើបធ្វើឲ្យការសម្តែងរបស់នាងមើលទៅមិនឆ្គង ទើបអ្នកទស្សនាមើលហើយជក់ចិត្តមិនចេះជិនណាយ។
២/. ស្គាល់អ្នកទស្សនាគោលដៅ៖ នាងស្គាល់ពណ៌បេះដូងអ្នកទស្សនាបានយ៉ាងច្បាស់ ថាពួកគាត់ចង់បានអ្វី ចង់មើលអ្វី។ ដូច្នេះហើយទើបការសម្តែងក្នុងរឿងនីមួយៗ នាងអាចបាញ់ចំបេះដូងអ្នកទស្សនាឲ្យចងចាំ និងបន្តតាមដាននាងពីមួយភាគទៅមួយភាគឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ ទោះបីជាប្រភេទវីឌីអូផ្សព្វផ្សាយផលិតផល ក៏នាងមានស្តាយកុំឲ្យអ្នកទស្សនាទទួលអារម្មណ៍ដូចកំពុងផ្សព្វផ្សាយពាណិជ្ជកម្មដែរ។
៣/. ទាន់និន្នាការសង្គម៖ ជីវិតហៃសូរ ប្រើរបស់ល្អៗ មានមនុស្សពូកែក្បែរខ្លួន គឺជារូបភាពមួយដែលតួអង្គ ចាង ស៊ឺ ឈិក ផ្តល់ឲ្យអ្នកទស្សនា ខណៈជីវិតបែបនេះមានមនុស្សស្រីច្រើនណាស់ប្រាថ្នាចង់បាន។ លើសពីនេះ នាងបានសម្តែងសាច់រឿងបង្ហាញពីទិដ្ឋភាពពិតៗក្នុងសង្គមបច្ចុប្បន្ន ជាពិសេសគឺពាក្យពេចន៍ចាក់ដោត ឲ្យត្រូវចិត្តអ្នកទស្សនាកាន់តែខ្លាំង។
គួរជម្រាបផងដែរថា តួអង្គ 姜十七 (Jiang Shi Qi) មានឈ្មោះពិតថា 江旭 (Jiang Xu) កើតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៩៩ លើទឹកដីប្រទេសចិន។ កញ្ញាវ័យ២៤ឆ្នាំរូបនេះ សព្វថ្ងៃគឺជាតារាសម្តែង និងជា Blogger ដ៏មានប្រជាប្រិយភាព ដែលមានអ្នកតាមដានរហូតដល់ទៅ ២០លាននាក់ ក្នុងកម្មវិធី Douyin និងមានអ្នកទស្សនាវីឌីអូរាប់លាននាក់ ក្នុងនោះរួមទាំងកម្ពុជាយើងផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/hangchhengH24