ក្រុមហ៊ុន Amazon ស្ទើរតែមិនបានមានជីវិតនោះទេ ប្រសិនបើអតីតយុវជន Jeff Bezos មិនតស៊ូក្រាញ់ននៀលជាមួយនឹងជំនួប ៦០ដង ដើម្បីកៀរគរប្រាក់១លានដុល្លារ ក្រោយជួបប្រទះបញ្ហាប្រឈមសហគ្រិនទូទៅមួយចំនួនធ្លាប់ជួបប្រទះគឺបញ្ហាខ្វះដើមទុន។
នៅក្នុងបទសម្ភាសន៍ជាមួយ Charlie Rose នៃកម្មវិធី 60 Minutes លោក Bezos បានរំឮកពីថ្ងៃដំបូង ក្នុងឆ្នាំ ១៩៩៥ ដែលលោកចាប់ផ្តើម Amazon។ ស្ថាបនិកក្រុមហ៊ុនលក់រាយលំដាប់ពិភពលោកមួយនេះបានលើកឡើងថា “ពេលវេលាដ៏ប្រថុយប្រថានបំផុតសម្រាប់ Amazon គឺនៅពេលដំបូងបំផុត ខ្ញុំត្រូវប្រមូលប្រាក់ឱ្យបាន ១ លានដុល្លារនៅចំណុចជាក់លាក់មួយ ហើយខ្ញុំបានបញ្ចប់វាដោយការផ្តល់ឱ្យ ២០ ភាគរយជាថ្នូរ សម្រាប់១លានដុល្លារនោះ”។
លោកបានបន្តថា “មនុស្សជាច្រើនធ្វើបានល្អលើកិច្ចព្រមព្រៀងនោះ ប៉ុន្តែពួកគេក៏បានប្រថុយប្រថានផងដែរ ដូច្នេះពួកគេសមនឹងទទួលបានផលល្អ លើកិច្ចព្រមព្រៀងនោះ ក្រៅអំពីនេះខ្ញុំបានបង្កើតជំនួបចំនួន ៦០ ដងដើម្បីប្រមូលប្រាក់ឱ្យបាន ១ លានដុល្លារ ហើយខ្ញុំកៀរគរបានពីមនុស្សត្រឹម២២នាក់ប៉ុណ្ណោះ ក្នុងតម្លៃប្រហែល៥ម៉ឺនដុល្លារសម្រាប់ម្នាក់ ហើយវាជាពេលវេលាដ៏ច្របូកច្របល់បំផុតថា តើខ្ញុំនឹងអាចរៃអង្គាសប្រាក់ទាំងនោះបានឬទេ? រឿងទាំងនោះជាចំណុចចាប់ផ្តើមក្នុងឆ្នាំ១៩៩៥ ហើយសំណួរដំបូងដែលវិនិយោគិនគ្រប់រូបសួរខ្ញុំគឺ "តើអ្វីទៅជាអ៊ីនធឺណិត?”។
តាមរយៈសម្រង់សម្តីខាងលើនេះ បានបង្ហាញអំពីការតស៊ូក្នុងការគៀរគរទុនដើម្បីកសាងក្រុមហ៊ុនយក្ស Amazon មួយនេះឡើង មួយវិញទៀតវាបានសបញ្ជាក់ឱ្យឃើញថាលោកមិនបានភ្លេចអំពីឬសគល់នៃភាពលំបាកលំបិនក្នុងដំណើររបស់សហគ្រិនភាពនោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង