កំពូលតារាក្បាច់គុន ឈិន ឡុង ជាមនុស្សមានសមត្ថភាព មានឈ្មោះល្បី តែបរាជ័យលើរឿងធំ១នេះ
Ping Chou EngJULY 13 20231.2 K views

តារាសម្តែងក្បាច់គុនដ៏ល្បីឈ្មោះលោក Jackie Chan ដែលទស្សនិកជនខ្មែរយើងនិយមហៅថា​ ឈិន ឡុង តស៊ូមិនខ្លាចស្លាប់ជាមួយការសម្តែងភាពយន្តអស់រយៈពេល៥៦ឆ្នាំ រហូតក្លាយជាបុគ្គលល្បីឈ្មោះ មានទ្រព្យសម្បត្តិច្រើន ជោគជ័យយ៉ាងត្រចះត្រចង់ក្នុងអាជីព​ ​ប៉ុន្តែមានរឿងធំមួយចំនួនក្នុងជីវិតធ្វើឱ្យលោកបរាជ័យនិងសោកស្តាយបំផុត។

ក្នុងឆ្នាំ២០១៥ ឈិន ឡុង បាននិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា Never Grow Up  ដែលបានរៀបរាប់ពីកំហុសរបស់លោកដែលយុវជនជំនាន់ក្រោយកុំធ្វើតាមឱ្យសោះ។ សេដ្ឋីភាពយន្តជនជាតិចិនវ័យ៦៩រូបនេះបានឱ្យដឹងថា ពីក្មេងលោកជាមនុស្សឆេវឆាវប្រើកំហឹងច្រើនក្នុងការបំពេញការងារ ក្នុងគ្រួសារ ហើយកូនចិញ្ចឹមមិនប្រកបដោយគន្លងធម៌​។

ទោះបីជាលោកមានលុយច្រើន តែកូនរបស់លោក២នាក់ ដោយកូនប្រុសម្នាក់ធ្លាប់មានរឿងអាស្រូវថ្នាំញៀន និងរឿងអាស្រូវកូនស្រីស្រឡាញ់ភេទដូចគ្នា ម្នាក់ដែលលោកមិនទទួលស្គាល់ រស់នៅគ្មានផ្ទះសម្បែង ដែលធ្វើឱ្យរូបលោកនៅក្នុងក្រសែភ្នែកមហាជនចិន ថាជាឪពុកស្រឡាញ់កូនលំអៀង។

ថ្លែងក្នុងបទសម្ភាសន៍មួយ ឈិន ឡុង បានលើកឡើងអំពីវិន័យគ្រួសារចំពោះកូនប្រុសថា “ហូបបាយកុំសូម្បីតែជ្រុះមួយគ្រាប់ដល់ដី ជួបចាស់ទុំនិយាយស្តីហាមឆ្ការដៃឆ្ការជើង គឺត្រូវអោនក្បាលគោរពឱ្យដូចជាជនជាតិចិនធ្វើ”។ ដោយឡែកកាលពីពេលថ្មីៗនេះតារាសម្តែងទ្រព្យ៤០០លានដុល្លាររូបនេះបានឱ្យដឹងថាលោកគ្មានបំណងប្រគល់កេរ្តិ៍មរតកឱ្យទៅកូនៗនោះទេ ពោលគឺឱ្យពួកគេរស់រឹងមាំខ្លួនឯង ដោយយកលុយទៅធ្វើសប្បុរសធម៌ជំនួសវិញ។

មួយវិញទៀតលោកពិតជាស្តាយក្រោយណាស់ដែលកាលពីក្មេងឱពុកម្តាយឱ្យខំប្រឹងរៀន តែលោកមិនស្តាប់សម្តីនោះទេ ពេលមួយដែលលោកចូលសិល្បៈហើយមានឈ្មោះល្បីគឺធ្វើឱ្យលោកពិបាកនិយាយភាសាអង់គ្លេសជាខ្លាំង ទើបលោកដឹងថាចំណេះដឹងនិងការអប់រំគឺជារឿងសំខាន់ហើយអ្វីដែលរឹតតែសំខាន់គឺដំបូន្មានពីឪពុកម្តាយដែលកូនគ្រប់រូបគួរតែត្រង់ត្រាប់ស្តាប់។

គួរជម្រាបផងដែរលោក Jackie Chan គឺជាតារាភាពយន្ត ជាផលិតករ ជាអ្នកលេងក្បាច់គុនដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសចិន បើគិតមកទល់ពេលនេះលោកសម្តែងរឿង១៥០ចំណងជើងហើយ ដែលភាពយន្តភាគច្រើនរបស់លោកនៅវគ្គគ្រោះថ្នាក់ជាច្រើនគឺលោកលេងដោយខ្លួនឯង៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia