មហាសេដ្ឋីចិន Jack Ma ដែលជាបុគ្គល ម្នាក់ធ្វើឱ្យទីផ្សារ E-commerce មានឈ្មោះល្បីល្បាញសុះសាយ។ នៅពីក្រោយសាច់រឿងតស៊ូជាង២០ឆ្នាំមកលើពិភពជំនួញ លោកធ្លាប់បានលើកឡើងថាលោកពិតជាសោកស្តាយខ្លាំងណាស់ ដែលមិនអាចប្រើប្រាស់វ័យរបស់លោកឱ្យបានត្រឹមត្រូវ។
យ៉ាងណាមិញខាងក្រោមនេះគឺជាដំបូន្មានរបស់មហាសេដ្ឋី Jack Ma ល្អបំផុតសម្រាប់យុវជន អាចប្រើដើម្បីក្លាយជាផ្ការីកគ្រប់រដូវ៖
-នៅពេលដែលអ្នកមានវ័យ២០-៣០ឆ្នាំ ត្រូវស្វែងរកមេដ៏ល្អម្នាក់ហើយដើរតាមគាត់ ធ្វើការនៅក្រុមហ៊ុនល្អមួយ ក្រេបជញ្ជក់ចំណេះដឹងពីការងារថាតើមានផ្លូវណាធ្វើឱ្យយើង រីកចម្រើនបានយ៉ាងត្រឹមត្រូវ ។
- នៅពេលដែលអ្នកមានវ័យ៣០-៤០ឆ្នាំ ប្រសិនបើអ្នកចង់ធ្វើអ្វីដោយខ្លួនឯង មានគោលដៅផ្ទាល់ខ្លួន ក៏ចាប់ផ្តើមធ្វើទៅកុំខ្លាចកំហុស កុំខ្លាចក្នុងការសាកល្បង ព្រោះវ័យនេះគឺគង់តែមានកំហុសឬការបរាជ័យណាមួយកើតឡើង។
- នៅពេលដែលអ្នកមានវ័យ៤០-៥០ឆ្នាំ គឺធ្វើអ្វីដែលអ្នកកំពុងធ្វើឱ្យបានល្អបំផុត កុំរត់ដេញចាប់ទន្សាយពីរក្នុងពេលតែមួយ ឃើញអ្វីគួរឱ្យចាប់អារម្មណ៍ ចាប់ត្រង់នេះបន្តិច ត្រង់នោះបន្តិច ធ្វើបែបហ្នឹងគឺគ្រោះថា្នក់ណាស់។
- នៅពេលដែលអ្នកមានវ័យ ៥០-៦០ឆ្នាំ ចំណាយពេលវេលាធ្វើអ្វីដើម្បីអភិវឌ្ឍន៍ មនុស្សជំនាន់ក្រោយអ្នក យុវជនជំនាន់ក្រោយ ដើម្បីសង្គម។
- នៅពេលដែលអ្នកមានវ័យ៦០ឆ្នាំឡើងទៅ គួរតែចំណាយពេលវេលាជាមួយចៅៗរបស់អ្នក ចំណាយពេលជាមួយគ្រួសារឱ្យបានរីករាយបំផុត។
ជាការពិតណាស់ក្នុងជីវិតយើងជាក់ស្តែង បទពិសោធន៍របស់មនុស្សម្នាក់ៗគឺមានភាពខុសគ្នា ការចាប់ផ្តើមក៏អាចនឹងខុសគ្នា វ័យត្រូវរីកចម្រើនវ័យត្រូវបរាជ័យក៏ខុសគ្នាទៅតាមការប្រព្រឹត្តិសកម្មភាពជាក់ស្តែងរបស់យើងម្នាក់ៗដែរ។
លោកក៏បានផ្តាំទៅដល់យុវវ័យជំនាន់ក្រោយផងដែរថា ពេលវេលាមិនដែលចាំអ្នកនោះទេ ហើយអ្នកក៏មិនអាចរស់នៅនិងធ្វើការងារបានអស់មួយជីវិតដូចគ្នា ហេតុនេះហើយអ្នកគួរតែគិតអំពីកំហុសឆ្គងដែលអ្នកបានធ្វើចំពោះមនុស្សដែលអ្នកស្រឡាញ់នៅជុំវិញខ្លួនឲ្យបានច្រើនជាជាងការងាររបស់អ្នក ដោយផ្តល់ពេលវេលាឲ្យបានច្រើនទៅដល់ពួកគេ នោះទើបអ្នកអាចក្លាយជាបុគ្គលដែលជោគជ័យម្នាក់៕
អត្ថបទដោយ៖ ពីង ជូអេង