មហាសេដ្ឋីចិនមាឌល្អិតចិត្តធំ Jack Ma ដែលជាបុគ្គលម្នាក់ធ្វើឱ្យទីផ្សារ E-commerce មានឈ្មោះល្បីល្បាញសុះសាយ បាន និយាយនៅក្នុងវេទិកាសាធារណៈ Fortune 500 ខណៈអ្នកកាសែតម្នាក់បានសួរលោកថា តើអ្វីទៅជាមហិច្ចតារបស់លោកនៅ២០ឆ្នាំទៀត ជាមួយក្រុមហ៊ុន Alibaba និងជីវិតផ្ទាល់ខ្លួន។
មហាសេដ្ឋីវ័យ៥៨ឆ្នាំរូបនេះបានថ្លែងថា “ជាការពិតខ្ញុំខ្លាចស្លាប់ណាស់ ខ្ញុំកើតក្នុងគ្រួសារក្រីក្រ ខ្ញុំប្រឹងប្រែងដោយដៃខ្លួនឯង ហើយគ្មាននរណាម្នាក់ជឿថាខ្ញុំអាចឈរនៅចំណុចដូចសព្វថ្ងៃនេះទេ ប៉ុន្តែខ្ញុំជឿថាខ្ញុំមានសំណាង បានជួបមនុស្សល្អៗ ទោះបីជាមានអ្នកស្អប់ខ្លះ ស្រឡាញ់ខ្លះក៏វាគឺជារឿងល្អដែរ”។
ឆ្លើយទៅសំណួររបស់អ្នកកាសែតវិញលោកបានបន្តថា “ដោយឡែកចំពោះមហិច្ចតារបស់ខ្ញុំជាមួយ Alibaba មុនខ្ញុំចូលនិវត្តន៍ ខ្ញុំគ្រាន់តែសង្ឃឹមថាក្រុមហ៊ុន Alibaba មិនភ្លេចនូវគ្រាចាប់ផ្តើមជាមួយនឹងក្តីស្រឡាញ់ ថាធ្វើដើម្បីអ្នកណា គឺធ្វើដើម្បីជួយដល់អាជីវកម្មតូច បង្កើនសក្តានុពលដល់មនុស្សជំនាន់ថ្មី លើកកម្ពស់ស្រ្តី តាមរយៈបច្ចេកវិទ្យាឱ្យបានល្អបំផុតនៅពេលខ្ញុំកំពុងកាន់កាប់ ខ្ញុំមិនអាចប៉ាន់ស្មានបានទេថា Alibaba នឹងក្លាយជាក្រុមហ៊ុនដែលចំណេញកប់ក្តោងនៅរាប់ឆ្នាំទៅមុខទៀត ប៉ុន្តែទាំងនេះជាអ្វីដែលខ្ញុំចង់ឃើញមុនខ្ញុំចូលនិវត្តន៍”។
"សម្រាប់ខ្លួនខ្ញុំផ្ទាល់និយាយឱ្យស្មោះត្រង់ទៅ ខ្ញុំមិនចង់ដេកស្លាប់នៅក្នុងការិយាល័យទេ ខ្ញុំចង់ស្លាប់នៅលើឆ្នេរខ្សាច់ ព្រោះថាជីវិតរបស់យើងកើតមកនៅលើផែនដីនេះមិនមែនដើម្បីតែការងារនោះទេ គឺដើម្បីប្រើប្រាស់ជីវិតឱ្យល្អជាមួយគ្រួសារ ជាមួយសង្គម”។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះមហាសេដ្ឋីចិនរូបនេះក៏បានជួបគ្រោះធំជ្រុះទ្រព្យជិតពាក់កណ្តាល ឯក្រុមហ៊ុន Alibaba និង Ant Group បានខាតបង់តម្លៃរហូតដល់៨៥០ពាន់លានដុល្លារ ព្រោះតែពាក្យរិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Business Insider កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ ពីង ជូអេង