ចាប់តាំងពីការប្រកាសឈប់កាន់តំណែងនៅក្នុងក្រុមហ៊ុន Alibaba លោក Jack Ma ដែលជាមហាសេដ្ឋីល្បីបំផុតប្រចាំប្រទេសចិន ក៏ចាប់ផ្តើមដកខ្លួនចេញពីសាធារណៈរហូតដល់ទៅជាង២ឆ្នាំ។ លុះនៅពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ ២០២២ កន្លងទៅ លោក Jack Ma ក៏ត្រូវបានគេប្រទះឃើញនៅឯទឹកដីនៃប្រទេសជប៉ុន ក្នុងជីវិតមួយដ៏សាមញ្ញបំផុត។
បន្ទាប់ចេញពីប្រទេសជប៉ុន លោក Jack Ma ក៏ត្រូវគេបានប្រទះឃើញសារជាថ្មីម្តងទៀតនៅក្នុងហាងមួយកន្លែងនៅឯក្រុងបាងកកប្រទេសថៃ។ដែលការមកដល់របស់លោក ត្រូវបានគេដឹងថាគាត់មកដើម្បីបន្តសិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យាកសិកម្មនៅលើទឹកដីនៃប្រទេសអាស៊ីមួយនេះ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក South China Morning Post កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣ នេះ។
ប្រភពដដែលបានបន្តថា សកម្មភាពដែលលោក Jack Ma បានធ្វើនៅជប៉ុន និងនៅប្រទេសថៃ អាចឱ្យគេប៉ានស្មានបានថា លោកកំពុងចាប់អារម្មណ៍ទៅលើវិស័យកសិកម្ម ព្រោះរយៈ ៣ ខែ ដែលលោកបានទៅប្រទេសជប៉ុនគឺលោកបានទៅរៀន និងយល់ដឹងពីការចិញ្ចឹមត្រីធូណា លុះមកដល់ប្រទេសថៃលោកក៏ផ្តោតទៅលើបច្ចេកទេសក្នុងវិស័យកសិកម្មដូចគ្នា ដោយលោកបានដើរមើល ដើររៀនទាក់ទងនឹងការចិញ្ចឹមបង្គារ។ដែលសញ្ញាទាំងអស់នេះហើយ ទើបធ្វើឱ្យគ្រប់គ្នាដែលបានស្គាល់មហាសេដ្ឋីមាឌសល្អិតរូបនេះ កំពុងតែចង់ចាប់ផ្តើមអាជីវកម្មថ្មីណាមួយពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ។
គួរបញ្ជាក់ផងដែរថា មហាសេដ្ឋី Ma បានបាត់ខ្លួនចាប់តាំងពីខែតុលា ឆ្នាំ ២០២០ បន្ទាប់ពីថ្លែងសុន្ទរកថា រិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន។ មួយខែក្រោយមក ក្រុមហ៊ុន Ant Group បានបោះបង់ចោលផែនការចុះបញ្ជីក្រុមហ៊ុននៅលើទីផ្សារភាគហ៊ុននៅខែបន្ទាប់ នៅពេលដែលទីក្រុងប៉េកាំងបានធ្វើអន្តរាគមន៍។
តាមរយៈសម្ដីមួយឃ្លារបស់លោក បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្ម និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ ពោលគឺ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Ma បានធ្លាក់ចុះជាង ២៥ ពាន់លានដុល្លារចាប់តាំងពីគាត់បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង