មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma ជួបគ្រោះធំជ្រុះទ្រព្យជិតពាក់កណ្តាល ឯក្រុមហ៊ុន Alibaba និង Ant Group បានខាតបង់តម្លៃរហូតដល់៨៥០ពាន់លានដុល្លារ ព្រោះតែពាក្យរិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Business Insider នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
Alibaba ដែលជាក្រុមហ៊ុនកូនច្បងរបស់លោក Jack Ma បានធ្លាក់ចុះតម្លៃទីផ្សារ ៤៥% ឬស្មើនឹង ៦២០ពាន់លានដុល្លារ ចាប់តាំងពីភាគហ៊ុនឡើងដល់កំពូលនៅឆ្នាំ២០២០ តាមការគណនារបស់ Bloomberg កាលពីថ្ងៃទីអាទិត្យនេះ។
ចំណែកឯ Ant Group ជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំសហការបង្កើតឡើងដោយលោក Jack Ma ដែលដំណើរការកម្មវិធីទូទាត់ប្រាក់ Alipay ឥឡូវនេះមានតម្លៃត្រឹម ៧៨.៥ ពាន់លានដុល្លារប៉ុណ្ណោះ ដែលជាការធ្លាក់ចុះតម្លៃ ៧៥% ចំពោះការវាយតម្លៃរបស់ខ្លួនចំនួន ៣១៥ ពាន់លានដុល្លារ នៅក្នុង IPO កាលពីឆ្នាំ២០២០។
ក្នុងនោះការខាតបង់សរុបចំនួន ៨៥០ពាន់លានដុល្លារនៅក្នុង Alibaba និងការវាយតម្លៃរបស់ក្រុមហ៊ុន Ant បានធ្វើឱ្យ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Jack Ma ធ្លាក់ចុះពី ៦១ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២០ មកនៅត្រឹម ៣៤.១ពាន់លានដុល្លារ គិតត្រឹមថ្ងៃចន្ទនេះ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។
គួរជម្រាបផងដែរថា កាលពីខែតុលា ឆ្នាំ២០២០ លោក Jack Ma បានបង្ហាញការខឹងសម្បារចំពោះអាជ្ញាធរចិន និងបានថ្លែងសុន្ទរកថារិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន រួមទាំងអះអាងថា ធនាគារចិនកំពុងដំណើរការជាមួយនឹងគំនិត "ហាងបញ្ចាំ"។ ពាក្យរបស់គាត់ បានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបទប្បញ្ញត្តិនៃអាជីវកម្មរបស់គាត់ Alibaba និង Ant Group រួមទាំងត្រូវបង្ខំចិត្តបំបាត់ដំណឹងខ្លួនឯងរយៈពេលពីរឆ្នាំឯណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366