ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន» សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នាពេលអនាគតរាល់រោងចក្រ-សហគ្រាសទាំងអស់ដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើងទៅ នឹងតម្រូវឱ្យរៀបចំឱ្យទារកដ្ឋាន។
ស្របតាមគោលគំនិតអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានមានប្រសាសន៍ថា៖ « យើងកំពុងរៀបចំប៉ុន្មានកន្លែងបន្តទៅទៀត តាមតាមគោលគំនិតនិងគោលដៅរបស់យើង គឺថ្ងៃក្រោយនៅតាមរោងចក្រសហគ្រាស ដែលមានបុគ្គលិកជាង ១០០នាក់ឡើងទៅ គឺអាចមានទារកដ្ឋាន ដែលយើងកំណត់ក្នុងច្បាប់ការងារ»។
ក្នុងនោះ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតទារកដ្ឋានឡើងបន្ថែមទៀតឱ្យបានច្រើន តាមលទ្ធភាពសន្សឹមៗជាលំដាប់ ដើម្បីជួយសម្រាលបន្ទុកនិងកាត់បន្ថយបញ្ហាលំបាករបស់បុគ្គលិកស្រ្តីដែលជាម្តាយមានកូនតូចៗ។
ខណៈបច្ចុប្បន្ននេះ «ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន» គឺជាទារកដ្ឋានដំបូងគេហើយនៅកម្ពុជា ស្ថិតក្នុងរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ស្របពេលដែលទារកដ្ឋានពីរបីកន្លែងទៀតកំពុងរៀបចំដំណើរការផងដែរ។
សូមជម្រាបថាបើតាមច្បាប់ស្តីពីការងារមាត្រា១៨៦ នៃក្រសូងការងារបានចែងថា «នាយកសហគ្រាសទាំងឡាយ ដែលប្រើស្រ្តី ចាស់ក្តី ក្មេងក្តី ចំនួនយ៉ាងតិចមួយរយនាក់ ត្រូវរៀបចំបន្ទប់សម្រាប់បំបៅកូនមួយក្នុងគ្រឹះស្ថាន ឬនៅជិតនោះ និងទារកដ្ឋានមួយផង។
ក្នុងករណីសហគ្រាសពុំមានលទ្ធភាពរៀបចំទារកដ្ឋានសម្រាប់ទទួលកុមារអាយុលើសពី១៨ខែផ្ទាល់បានទេ នារីជាកម្មករនិយោជិតអាចផ្ញើកូនរបស់ខ្លួននៅទារកដ្ឋានណាមួយ ដោយនិយោជកជាអ្នកចេញសោហ៊ុយថែរក្សាទារកនោះ»៕
អត្ថបទដោយ៖ ពីង ជូអេង