ខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញ Titanic ដែលផលិតឡើងក្នុងឆ្នាំ១៩៩៧ ចំណាយទឹកប្រាក់ជាង២០០លានដុល្លារ គ្រប់គ្នាប្រាកដជានឹកឃើញដល់តួអង្គឯកកម្លោះស្មោះស្មេហ៍ Jack Dawson ជាមិនខាន ខណៈខ្សែភាពយន្តមួយនេះហើយដែលធ្វើឱ្យលោកមានឈ្មោះល្បីនិងមានទ្រព្យច្រើនមកទល់បច្ចុប្បន្ននេះ។
លោក Leonardo Dicaprio ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតួអង្គឯក Jack មិនត្រឹមតែជាកំពូលតារាសម្តែងហូលីវូដពានរង្វាន់ Oscar ទ្រព្យជាង៣០០លានដុល្លារនោះទេ ក្រៅឆាកលោក Leonardo ក៏ជាវិនិយោគិន ដែលមានភាគហ៊ុនជំនួញជាច្រើនក្នុងដៃផងដែរ។
មានវ័យ៤៨ឆ្នាំ តួអង្គសម្បូរស្នេហ៍រូបនេះ បានវិនិយោគទឹកប្រាក់រាប់លានដុលា្លរក្នុងក្រុមហ៊ុន LØCI ដែលផលិតស្បែកជើងម៉ាក Vegan, ក្រុមហ៊ុនកៃច្នៃសាច់ចេញពីរុក្ខជាតិ Beyond Meat, ក្រុមហ៊ុនបណ្តុះសត្វសាច់ដោយប្រើបច្ចេកវិទ្យា Aleph Farms និង Mosa Meat និងក្រុមហ៊ុន VitroLabs ដែលដាំដុះស្បែកដោយប្រើបច្ចេកវិទ្យាសម្រាប់ផលិតស្បែក ធ្វើជាស្បែកជើងឬកាបូបជាដើម ខណៈក្រុមហ៊ុនទាំងនេះអាចចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។
លើសពីនេះលោកក៏បានវិនិយោគលើក្រុមហ៊ុនចំណីអាហាររហ័ស Neat Burger ដែលមានមូលដ្ឋាននៅអង់គ្លេស និងរីកចម្រើនដូចផ្សិតនៅ New York ,មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាអ្នកវិនិយោគរបស់ក្រុមហ៊ុនអាហារសម្រន់ Vegan HIPPEAS និងកសិដ្ឋាន Califia ដែលផលិតទឹកដោះគោនិងផលិតផលធញ្ញជាតិដ៏ធំបំផុតមួយក្នុងអាមេរិក។
Leonardo ត្រូវបានគេទទួលស្គាល់ថាជាសកម្មជនវិនិយោគិនដ៏ធំមួយ ផ្នែកបរិស្ថាននិងសង្គម (ESG), និងជាវិនិយោគិនទីប្រឹក្សាឱ្យក្រុមហ៊ុនថាមពលស្អាត Kingo ដែលធ្វើការផ្តល់ថាមពលពន្លឺព្រះអាទិត្យសម្រាប់គ្រួសារ និងអាជីវកម្មនៅតំបន់ដាច់ស្រយាលជាច្រើននៅជុំវិញពិភពលោក។ លោកក៏មានភាគហ៊ុននៅក្រុមហ៊ុនNuview ដែលមានបេសកកម្មធំក្នុងការគូសផែនទីផ្ទៃដីទាំងមូលនៃផែនដីដោយប្រើបច្ចេកវិទ្យា lidar ផងដែរ។
ប្រភពពីគេហទំព័រ Investopedia បានឱ្យដឹងថា Leonardo គឺជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងទីក្រុង Los Angles Hollywood Hills , New York ដែលមានតម្លៃជាង៥០០លានដុល្លារ និងជាម្ចាស់កោះឯកជនមួយនៅឆ្នេរសមុទ្រ Belize នៅទ្វីបអាមេរិកឡាទីន ដែលបានទិញក្នុងតម្លៃ ១.៧៥លានដុល្លារនៅដើមឆ្នាំ២០០០ ។
យ៉ាងណាមិញគួររំលឹកផងដែរថាលោក Leonardo Dicaprio មានទីកន្លែងកំណើតនៅទីក្រុង Los Angles សហរដ្ឋអាមេរិក ដែលលោកបានប្រឡូកចូលវិស័យភាពយន្ត ក្នុងឆ្នាំ១៩៨០ ហើយភាពយន្តTitanic បានធ្វើឱ្យលោកមានកេរ្តិ៍ឈ្មោះបោះសំឡេងជាខ្លាំងនិងមានតម្លៃខ្លួនខ្ពស់បំផុតរហូតដល់២.៥លានដុល្លារក្នុងសម័យនោះ ហើយលោកក៏ត្រូវបានទទួលស្គាល់និងចាត់ចំណាត់ថ្នាក់ចំនួន៨ ដងក្នុងតារាងប្រចាំឆ្នាំនៃតារាដែលរកចំណូលបានច្រើនជាងគេលើពិភពលោក៕
អត្ថបទដោយ៖ ពីង ជូអេង