ការវិនិយោគអចលនទ្រព្យ គឺជាមុខរបរមួយដ៏ពេញនិយមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជំនាញនេះបានជួយរកប្រាក់ចំណេញជាច្រើនអ្នកវិនិយោគ មិនថានៅកម្ពុជា ឬនៅបណ្ដាលប្រទេសផ្សេងទៀតនោះទេ។ ប៉ុន្ដែដើម្បីប្រឡូកចូលក្នុងការវិនិយោគវិស័យអចលនទ្រព្យតើយើងត្រូវត្រៀមខ្លួនលើចំណុចណាខ្លះ ដើម្បីកុំឲ្យជួបហានិភ័យ ឬវិនិយោគទៅខុស?
ហើយពេលនេះ Business Cambodia នឹងលើកយកចំណុចសំខាន់ ៣ ដែលអ្នកត្រៀមចេញវិនិយោគត្រូវមានដើម្បីការពារខ្លួនកុំឲ្យជួបបញ្ហា។
១. រៀនសូត្រ
ដើម្បីក្លាយជាអ្នកវិនិយោគរឹងមាំ ដាច់ខាតត្រូវរៀនសូត្រដើម្បីទទួលបានចំណេះដឹងពីការវិនិយោគ មានចំណេះដឹងប្រៀបដូចមានភ្លើងបំភ្លើងផ្លូវសម្រាប់ការធ្វើដំណើរថានៅខាងមុខមានឧបសគ្គអ្វីខ្លះត្រូវចៀសវាង និងគួរដើរតាមផ្លូវណាមានភាពស្រួល។ សម្រាប់ការរៀនសូត្រគឺយើងអាចធ្វើការសិក្សាស្រាវជ្រាវតាមវេបសាយ ស្ដាប់វីដេអូ អានសៀវភៅ ឬព័ត៌មានដែលទាក់ទងនឹងការវិនិយោគអចលនទ្រព្យ។ មួយវិញទៀតគឺយើងអាចទៅជួបជាមួយអ្នកមានបទពិសោធន៍វិនិយោគឲ្យបានច្រើន ដើម្បីសុំយោបល់ និងតិចនិកវិនិយោគល្អៗយកមកអនុវត្ដបាន ទាំងការប្រើប្រាសទុន ការជ្រើសរើសប្រភេទអចលនទ្រព្យជាដើម។
២. ចំណូលច្បាស់លាស់
ការវិនិយោគអចលនទ្រព្យត្រូវការហរិញ្ញវត្ថុ ដូច្នេះចង់ក្លាយជាអ្នកវិនិយោគចាំបាច់ត្រូវមានប្រភពចំណូលឲ្យបានច្បាស់លាស់ កាន់តែច្រើនកាន់តែល្អ (ប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម) ។ ព្រោះនៅពេលប្រភពចំណូលច្បាស់នោះអ្នកនឹងអាចដកថវិកាខ្លះ យកមកសន្សំដើម្បីបង្កើតទុនសម្រាប់ទិញអចលនទ្រព្យដែលចង់បាន ឬមួយបង់រំសល់ជាមួយម្ចាស់គម្រោង ឬធនាគារក៏បាន។
នៅពេលមានប្រភពចំណូលច្បាស់នោះការវិនិយោគរបស់អ្នកនឹងមិនជួបហានិភ័យឡើយ ប៉ុន្ដែផ្ទុយទៅវិញ បើគ្មានចំណូលច្បាស់លាស់ទេនោះការវិនិយោគនឹងជួបហានិភ័យខ្ពស់ ព្រោះបើចំណូលអ្នកជាប់គាំងនោះកាវិនិយោគរបស់អ្នក ក៏គាប់គ្នា និងអាចបាត់បង់ទៅវិញក៏ថាបាន។
៣. ទំនាក់ទំនង
ទំនាក់ទំនងក៏ជាចំណុចសំខាន់មួយសម្រាប់អ្នកវិនិយោគផងដែរ ព្រោះបើយើងមានទំនាក់ទំនងកាន់តែច្រើននោះនឹងទទួលបានព័ត៌មានកាន់តែធំទាក់ទងទៅនឹងទីផ្សារអចលទ្រព្យ និងការអភិវឌ្ឍន៍ដើម។ ដូច្នេះជាអ្នកវិនិយោគគប្បីមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីរាជការ ដើម្បីទទួលបានព័ត៌មាននៃគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាព័ត៌ផ្សេងទាក់ទងនឹងអចលនទ្រព្យដែលយើងចង់ទិញជាដើម៕