ទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា និងប្រព័ន្ធធនាគារ ដោយការទូទាត់ឥឡូវគេប្រើតែទូរស័ព្ទដៃ យើងក៏សង្កេតឃើញដែរថា ជនបោកប្រាស់មួយចំនួនតែងតែឆ្លៀតឱកាសបង្កើតការកេងបន្លំផ្សេងៗជាច្រើន តាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យមនុស្សទូទៅមិនថានៅបរទេសឬនៅស្រុកខ្មែរយើង រងការខាតបង់លុយកាក់មិនចេះតិច តាមប្រព័ន្ធទូទាត់អេឡិចត្រូនិច។
ពាក់ព័ន្ធនឹងបញ្ហាដ៏រសើបនេះដែរ ធនាគារ ABA បានចេញសេចក្ដីណែនាំមួយស្ដីអំពី គន្លឹះសុវត្ថិភាពធំៗ៤ សម្រាប់ការពារហានិភ័យ រាល់ពេលធ្វើការទូទាត់តាមអ៊ីនធឺណិត។ គន្លឹះសុវត្ថិភាពទាំង៤នោះរួមមានដូចជា៖
១. ត្រូប្រាកដដោយខ្លួនអ្នកថា អ្នកបានស្គាល់អ្នកជួញដូរតាមអ៊ីធឺណិត ហើយបានដឹងពីកេរ្តិ៍ឈ្មោះរបស់គេថាល្អត្រឹមត្រូវ មុនពេលបើកបង្ហាញព័ត៌មានលម្អិតនៃកាតធនាគាររបស់អ្នក។ ដើម្បីការពារប្រាក់របស់អ្នក ធនាគារ ABA បានណែនាំឱ្យអ្នកទិញតែទំនិញពីហាងល្បីៗមានប្រភព និងពីពាណិជ្ជករដែលគួរឱ្យទុកចិត្តបានប៉ុណ្ណោះ។
២. មុនពេលដែលបញ្ចូលព័ត៌មានលម្អិត អំពីកាតរាប់អ្នកនៅលើអ៊ីនធឺណិត អ្នកត្រូវប្រាកដថាអាសយដ្ឋានគេហទំព័រចាប់ផ្ដើមដោយ (https://) មានន័យថារាល់ព័ត៌មានដែលអ្នកបានបញ្ជូលត្រូវបានការពារដោយលេខកូដបិទ និង មិនអាចថតទុកដោយជនខិលខូច។
៣. សូមកុំធ្វើការឆ្លើយតបទៅលើអ៊ីមែលណាដែលសុំឱ្យអ្នកបញ្ជាក់ព័ត៌មានកាតរបស់អ្នក ឬឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ដែលអ្នកបានចុះឈ្មោះប្រើសេវាណាមួយតាមអ៊ីនធឺណេត។
៤. ធនាគារ ABA ណែនាំឱ្យអ្នកទិញនៅតាមហាងណាដែលគេហទំព័ររបស់ហាងមានស្លាកសញ្ញា “Secure Code” និង “3D-Secure” ដែលចេញដោយ Mastercard។ ទាំងនេះជាប្រព័ន្ធទំនើបចុងក្រោយបំផុតដែលជួយការពារសុវត្ថិភាព រាល់ពេលផ្ទេរទិន្នន័យ និងទូទាត់តាមអ៊ីនធឺណិត។
ធនាគារ ABA បានគូសបញ្ជាក់ផងដែរថា ABA មិនដែល ហើយនឹងមិនធ្វើការស្នើសុំ លេខ និង ព័ត៌មានពេញលេញអំពីកាត ឬលេខកូដសម្ងាត់របស់អ្នកអតិថិជន ឬអ្នកប្រើប្រាស់ឡើយ៕
អត្ថបទដោយ៖ សូ សុខលី